នាងអ៊ែនជែលីណា ចូលីត្រូវបានចោមរោមជុំជិតទៅដោយជនភៀសខ្លួនរាប់រយនាក់កាលពីថ្ងៃពុធ នៅពេលនាងបានទៅមើលកំពង់ផែ Piraeus របស់ក្រិក ជាទីដែលជនភៀសខ្លួនរាប់ពាន់នាក់បានជាប់គាំងនៅទីនោះ។
នាងចូលី ដែលជាប្រេសិតពិសេសសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានទទួលការស្វាគមន៍រាក់ទាក់យ៉ាងសម្បើមពីជនភៀសខ្លួន ដោយពួកគេបានប្រជ្រៀតគ្នាយ៉ាងវីវក់ដើម្បីបានថតរូប Selfie ជាមួយនឹងតួហូលីវូដរូបនេះ។
ចូលីបានស្វាគមន៍រាក់ទាក់ក្មេងៗ និងបានស្នើឱ្យអ្នកកាសែត អ្នកថតវីដេអូ និងអ្នកថតរូបយោគយល់អធ្យាស្រ័យដល់នាង ខណៈពេលដែលនាងកំពុងព្យាយាមនិយាយជាមួយក្មេងៗ។
នាងបានប្រាប់ក្មេងប្រុសម្នាក់ថា "ខ្ញុំនៅទីនេះដើម្បីរៀននិយាយជាមួយអ្នក ហើយបណ្តាទីភ្នាក់ងារជនភៀសខ្លួន និងរដ្ឋាភិបាលក្រិកនឹងសិក្សាពីអ្វីដែលបានកើតឡើង អូខេ? ព្យាយាមរក្សាភាពរ៉ឹងប៉ឹងឡើង"។
យោងតាមអង្គការ UNHCR ចូលីបានកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសក្រិក "ដើម្បីបង្កើនកិច្ចប្រឹងប្រែងរបស់ UNHCR និងរដ្ឋាភិបាលក្រិកដើម្បីជំរុញការឆ្លើយតបបន្ទាន់ចំពោះស្ថានភាពមនុស្សធម៌ដែលកំពុងយ៉ាប់យ៉ឺននេះ"៕
