គ្រាន់តែលើកដៃធ្វើដូចកាំភ្លើងគំរាមបុរសជិតខាងម្នាក់ ត្រូវតុលាការអាមេរិកផ្តន្ទាទោស

បុរសម្នាក់នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានរំលោភច្បាប់ នៅពេលគាត់បង្ហាញកាយវិការភ្ជង់កាំភ្លើងដាក់អ្នកជិតខាងរបស់គាត់ ដោយផ្គុំដៃរាងដូចកាំភ្លើងខ្លី។ នេះបើតាមតុលាការឧទ្ធរណ៍បានសំរេច។

លោក Stephen Kirchner ត្រូវបានផ្តន្ទាទោសពីការបញ្ចេញកាយវិការមិនប្រក្រតីកាលពីរដូវស្លឹកឈើឆ្នាំមុននៅអាមេរិក ប៉ុន្តែគាត់បានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។ នៅចុងខែមុនសាលាឧទ្ធរណ៍បានអនុវត្តការផ្តន្ទាទោសរបស់គាត់ ដោយសម្រេចថា ការចង្អុល "ម្រាមដៃមានសណ្ឋានជាអាវុធ" ការពិតគឺជាបទល្មើសព្រហ្មទណ្ឌក្នុងករណីនេះ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ២០១៨ និងពាក់ព័ន្ធនឹងអ្នកជិតខាង ដែលមានប្រវត្តិប្រព្រឹត្តបទល្មើស។ ពេលដែលលោក Kirchner និងអ្នកជិតខាងរបស់គាត់ដទៃទៀតឈ្មោះ Elaine Natore បានដើរកាត់មុខលោក Josh Klingseisen នៅទីធ្លាមុខផ្ទះរបស់គាត់ លោក Kirchner បានដៀងភ្នែកដាក់គ្នាជាមួយនឹងលោក Klingseisen "បន្ទាប់មកបង្ហាញកាយវិការចង្អុលម្រាមដៃជារាងកាំភ្លើងតម្រង់ទៅលោក Klingseisen"។ នេះបើយោងតាមឯកសារតុលាការ។

កាយវិការទាំងនោះត្រូវបានចាប់ជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់លោក Klingseisen ដែលគាត់បានដំឡើងដោយសារតែការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ជាមួយនឹងលោក Natore។ ជាសំណាងល្អនៅពេលនោះ លោក Natore មិនបាន "ធ្វើកាយវិការគំរាម" ណាមួយទល់នឹងលោក Klingseisen នោះទេ។

លោក Klingseisen បានផ្តល់សក្ខីកម្មនៅក្នុងតុលាការ Lancaster County ថាគាត់មានអារម្មណ៍ថាមានការគំរាមកំហែងយ៉ាងខ្លាំង នៅពេលដែលលោក Kirchner ធ្វើកាយវិការកាំភ្លើងគំរាមបែបនេះ។ អ្នកជិតខាងម្នាក់ទៀតដែលបានឃើញកាយវិការនេះ បានផ្តល់សក្ខីកម្មថា នាងមានអារម្មណ៍ថាមិនមានសុវត្ថិភាពទេ បន្ទាប់ពីបានឃើញទិដ្ឋភាពនេះ ហើយទូរស័ព្ទទៅលេខ ៩១១។

លោក Kirchner បានសារភាពថាគាត់បានធ្វើកាយវិការភ្ជង់កាំភ្លើងដូចគ្នា ប៉ុន្តែបាននិយាយថាគាត់បានធ្វើដូច្នេះបន្ទាប់ពីលោក Klingseisen បានបង្ហាញកាយវិការគំរាមដាក់គាត់មុន។ លោក Kirchner ត្រូវបានរកឃើញថាមានកំហុសកាលពីខែតុលាឆ្នាំ២០១៨ ហើយត្រូវបានបញ្ជាឱ្យបង់ប្រាក់ពិន័យ ១០០ដុល្លារ និងថ្លៃតុលាការផងដែរ ប៉ុន្តែមិនបានជាប់គុកទេ៕

 

adverise with khmeread
tiger
Loading ad ...