ភ្នំពេញ ៖ យុវជនម្នាក់ដែលទើបតែចេញពីក្លឹបកម្សាន្ត ធ្វើដំណើរដោយម៉ូតូតែម្នាក់ឯង បំណងទៅផ្ទះ ប៉ុន្តែចៃដន្យម៉ូតូបែកកង់ ក៏បណ្តើររហូតដល់មុខរណីយដ្ឋានចំការព្រីង ក៏ត្រូវ ជនសង្ស័យ២នាក់ប្រដាប់ដោយកាំភ្លើងបាញ់យុវជននោះប្លន់យកម៉ូតូតែមិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី១៧ខែមីនាឆ្នាំ២០១៦ស្ថិតនៅមុខរណីយដ្ឋានចំការព្រីង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ អុប វលក្ខ័ អាយុ២៣ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិច្រេស សង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបាននាំមិត្តភក្រ័ចូលរាំកម្សាន្តនៅក្លិបប្លូសូន្យផ្លូវ១៩៨៦សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
លុះដល់ម៉ោងប្រហែល០៤ជាងក៍ចេញពីក្លឹបត្រឡប់ទៅផ្ទះវិញដោយជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ចាម 1G-7563។
មកដល់ជិតចំណុចកើតហេតុ ស្រាប់តែធ្លាយកង់ម៉ូតូ។បន្ទាប់មកក៏លេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយអាវុធខ្លីមួយដើមម៉ាក K54 បានដកភ្ជង់ប្លន់រួចបាញ់ឡើងលើ១គ្រាប់និង១គ្រាប់ទៀត បាញ់សំដៅជនរងគ្រោះបណ្តាលឲ្យត្រូវភ្លៅខាងឆ្វេង។
បន្ទាប់មកជនសង្ស័យបម្រុងជិះម៉ូតូជនរងគ្រោះតែដោយសារម៉ូតូជនរងគ្រោះធ្លាយកង់ខាងក្រោយមិនអាចជិះទៅណាបានទើបពួកវាជិះម៉ូតូរត់គេចខ្លួនបាត់តែម្តង។ ជនរងគ្រោះបានរង របួសមួយគ្រាប់ត្រូវចំភ្លៅរួចបញ្ជូនមកកាន់មន្ទីរពេទ្យឯកជន៕
