បាតុករហុងកុងអំពាវនាវឱ្យលោកត្រាំជួយ "រំដោះ" ទីក្រុងនេះផង ខណៈបាតុករនាំគ្នាដង្ហែក្បួនកាន់ទង់ជាតិអាមេរិកទៅកាន់ស្ថានកុងស៊ុលអាមេរិក

ក្រុមបាតុកររាប់ពាន់នាក់នៅហុងកុងបានដើរក្បួនទៅកាន់ស្ថានកុងស៊ុលសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យដើម្បីបង្កើនការគាំទ្រពីអន្តរជាតិ ដោយអំពាវនាវឱ្យប្រធានាធិបតីដូណាល់ ត្រាំរំដោះទីក្រុងនេះ ខណៈការដុតឆេះតាមដងផ្លូវដោយក្រុមបាតុករនៅតែបន្តកើតមាន។

ប៉ូលិសបានឈរនៅក្បែរនោះ ខណៈក្រុមសកម្មជនប្រឆាំងរដ្ឋាភិបាលបានគ្រវីទង់ជាតិអាមេរិកនិងលើកផ្ទាំងបដាអំពាវនាវឱ្យត្រាំជួយរំដោះហុងកុងនិងផ្តល់លទ្ធិប្រជាធិបតេយ្យដល់ទីក្រុងនេះ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីផ្ទុះអំពើហិង្សាមួយរាត្រីទៀតនៅសប្តាហ៍ទី ១៤ នៃភាពចលាចលនេះ។

ទីក្រុងហុងកុងបានប្រែទៅជាវឹកវរកាលពីចុងសប្តាហ៍ជាមួយនឹងឡាស៊ែរត្រូវបានប្រើដើម្បីបំភ័ន្តប៉ូលិស ដែលបានវាយតបវិញដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកដ៏ឈឺចាប់ដើម្បីបំបែកហ្វូងមនុស្ស ហើយបង្អួចត្រូវបានកម្ទេច និង ភ្លើងដុតឆេះពេញដងផ្លូវ។

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper កាលពីថ្ងៃសៅរ៍បានទទូចដល់រដ្ឋាភិបាលចិនឱ្យអនុវត្តការអត់ធ្មត់នៅហុងកុង។

លោក Esper បានអំពាវនាវបែបនេះចេញពីទីក្រុងប៉ារីស ខណៈប៉ូលិសនៅហុងកុងកំពុងរារាំងក្រុមអ្នកតវ៉ាកុំឱ្យបិទផ្លូវចូលទៅកាន់ព្រលានយន្តហោះក្នុងអំឡុងការប៉ះទង្គិចគ្នានៅសង្កាត់ Mong Kok។

ទោះយ៉ាងណា ប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងស្ថិតនៅក្រៅបញ្ហានេះ ដែលលោកចាត់ទុកថាជាបញ្ហារវាងហុងកុងនិងចិន។ គាត់បាននិយាយថាគាត់ជឿថាសង្រ្គាមពាណិជ្ជកម្មរបស់អាមេរិកជាមួយចិនកំពុងធ្វើឱ្យចិនប្រយ័ត្នប្រយែងអំពីបញ្ហាហុងកុង។

ទីក្រុងហុងកុងត្រូវបានរង្គោះរង្គើដោយភាពចលាចលនៅរដូវក្តៅនេះដោយសារសេចក្តីព្រាងច្បាប់បត្យាប័ន ដែលនឹងអនុញ្ញាតឱ្យបញ្ជូនជនសង្ស័យជាឧក្រិដ្ឋជនទៅចិនដីគោកដើម្បីជំនុំជម្រះ ហើយឥឡូវច្បាប់នេះត្រូវបានទម្លាក់ចោលទៅហើយ៕

 

adverise with khmeread
tiger
Loading ad ...