ស្រ្តីចាស់ជរាអាយុជិត៩០ឆ្នាំម្នាក់ ស្រែកឱ្យសម្តេចតេជោ ជួយរកយុត្តិធម៌ជូនគាត់

ភ្នំពេញ​៖​ លោកយាយចាស់ជរាអាយុជិត៩០ឆ្នាំម្នាក់ បានស្រែករកសម្តេចតេជោ ជួយរកយុត្តិធម៌  ខណៈដែលសាលាដំបូងខេត្តកំពង់ចាម ចេញសាលក្រមចុះអនុវត្ត បំបែកប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់ស្របច្បាប់) និងគ្រោងរុះរើតូបលក់ដូរនៅលើដីចំណីផ្លូវ (ក្រៅដីទំនាស់) ទៅឱ្យដើមបណ្តឹងដែលប្រើប្រាស់លិខិតក្លែងក្លាយ ជាអ្នកឈ្នះក្តី ។លោកយាយសំណូពរនេះ​ ខណៈសាលាដំបូងខេត្តកំពង់ចាមនឹងចុះអនុវត្តសាលដីកានៅថ្ងៃទី១៣កញ្ញាខាងមុខនេះ។ 

លោកយាយ ឡោ លន់ អាយុ៨៩ឆ្នាំ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានលើកឡើងប្រាប់ក្រុមសារព័ត៌មាន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា លោកយាយជាស្រ្តីមេម៉ាយ បានរស់នៅក្នុងភូមិឃុំខាងលើនេះ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយរូបគាត់មកកាប់ឆ្ការព្រៃដើម្បីរុករានធ្វើលំនៅដ្ឋានរស់នៅទីនេះ តាំងពីម្តុំនេះមានព្រៃក្រាស់ គឺមានតែពីរគ្រួសារនោះទេ មករស់នៅទីនេះមុនគេ ។ មកដល់សម័យរដ្ឋកម្ពុជា រដ្ឋបានសម្រេចចិត្តគ្រប់គ្រងដីបង្កបង្កើនផល និងដីលំនៅដ្ឋាន មកជាឯកជនភាវូបនីយកម្ម បានន័យថា ក្នុងឆ្នាំ១៩៩២ រដ្ឋបាលស្រុកបាធាយបានបង្កើត ក្រុមការងារចុះវាស់វែង មានរដ្ឋអំណាចភូមិ-ឃុំ និងមានការិយាល័យសូរិយោដីស្រុក ចុះវាស់ដីជូនដល់ប្រជាពលរដ្ឋ រួមជាមួយរូបគាត់ផងដែរ ។

លោកយាយ បានឱ្យដឹងថា ពាក់ព័ន្ធប័ណ្ណកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ I70129 ចុះថ្ងៃទី22-9-1992 មកដល់ពេលបច្ចុប្បន្ន ប្រធានភូមិបាលស្រុកបាធាយ បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីរបស់គាត់ គឺជាប្លង់កាន់កាប់ដីធ្លីពិតប្រាកដមែន(នៅតែទទួលដឹងឮថាជាដីស្របច្បាប់របស់គាត់) ។ 

ជុំវិញបញ្ហានេះលោកយាយ ឡោ លន់ បានស្រែករកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួយអន្តាគមន៍ រកខុសត្រូវ និងផ្តល់ភាពយុត្តិធម៌ជូនរូបគាត់ ខណៈដែលសាលាដំបូងខេត្តកំពង់ចាម ចេញសាលក្រមចុះអនុវត្តបំបែកប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់ស្របច្បាប់) និងគ្រោងរុះរើតូបលក់ដូរនៅលើដីចំណីផ្លូវ (ក្រៅដីទំនាស់របស់គាត់) ទៅឱ្យដើមបណ្តឹងដែលប្រើប្រាស់លិខិតក្លែងក្លាយទៅវិញ ។

ចំពោះរឿងរាវនេះ លោក ឈាង គីមអាង ប្រធានការិយាល័យសូរិយោដី ស្រុកបាធាយ នាពេលកន្លងមកបានបញ្ជាក់ថា ឈ្មោះ ឡោ លន់ ពិតជាទទួលបានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ I70129 ចុះថ្ងៃទី22-9-1992 ពិតប្រាកដមែន។  ព្រោះពេលនោះគាត់នៅជាមន្រ្តីការិយាល័យ និងបានចុះវាស់វែងជាមួយអាជ្ញាធរភូមិ-ឃុំ ដើម្បីចេញប័ណ្ណជូនដល់ប្រជាពលរដ្ឋ ។ លោក បានបញ្ជាក់ទៀតថា ចំពោះបញ្ហាចុះវាស់វែងនេះ ឈ្មោះ ឆេ ស៊ីម ពិតជាមិនបានមកវាស់វែង និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះពិតប្រាកដមែន ។

សូមបញ្ជាក់ថានេះជាលើកទី៤ហើយ សាលាដំបូងខេត្តកំពង់ចាម បានចេញសលក្រមចុះអនុវត្តបំបែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី របស់ឈ្មោះ ឡោ លន់ ទៅដើមបណ្តឹងឈ្មោះ ឆេ ស៊ឺម ដែលមិនមែនជាម្ខាស់ដី ដោយមិនដែលរស់នៅលើដីនេះ តាំងពីឆ្នាំ១៩៧៩ មក និងគ្មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់ស្របច្បាប់) ហេីយរឿងនេះបានកេីតឡេីងតាំងពីឆ្នាំ២០០៨មកម្ល៉េះ ។ 

ចំណែកដើមបណ្តឹងឈ្មោះ ឆេ ស៊ឺម បើយោងតាមការប្តឹងផ្តល់គ្នាដំបូងនៅសាលាឃុំផ្អាវ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០០៩ បានចោទប្រកាន់ដល់មន្រ្តីសូរិយោដីស្រុកបាធាយថា ក្នុងឆ្នាំ១៩៩១រូបគាត់បានទៅធ្វើប្លង់នៅសាស្រុកផងដែរ ប៉ុន្តែសុរិយោដីស្រុក មិនបានចេញឱ្យរូបគាត់នោះឡើយ ។ 

ពាក់ព័ន្ធបញ្ហានេះ បើយោងតាមកំណត់ហេតុ នៃនីតិវិធីត្រៀម សម្រាប់ទាញហេតុផលរបស់តុលាការខេត្តកំពង់ចាម ចុះនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ដើមបណ្តឹងឈ្មោះ ឆេ ស៊ឺម បានលើកឡើងថា នៅក្នុងឆ្នាំ១៩៩៧ ឈ្មោះ ឡោ លន់ បានមកសុំដីរបស់គាត់ (គឺដីទំនាស់បច្ចុប្បន្ន)ឱ្យទៅចៅលក់ដូរ ។ 

នៅជុំវិញបញ្ហាដើមបណ្តឹងលើកឡើងរបៀបនេះ គឺវាផ្ទុយគ្នាថា លោកយាយ ឡោ លន់ ទទួលបាន ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី តាំងពីឆ្នាំ១៩៩២ ចុះហេតុអ្វីឈ្មោះ ឡោ លន់ ទៅសុំដីលក់ដូរពីដើមបណ្តឹង ឈ្មោះ ឆេ ស៊ឺម នៅឆ្នាំ១៩៩៧ ធ្វើរោងឱ្យចៅលក់ដូរទៅវិញ? ។ 

សម្រាប់បញ្ហានេះវាជារឿងខុសស្រឡះ ព្រោះអ្វីដែល គេសង្កេតឃើញបច្ចុប្បន្ន ស្ថានភាពលើដីទំនាស់ដែល ឈ្មោះ ឡោ លន់ កំពុងរស់នៅ គាត់បានសង់រោងជិត៣០ឆ្នាំ មកហើយ ព្រមទាំងបានដាក់សម្ភារៈរបស់របរប្រើប្រាស់ ជាពិសេសឈ្មោះ ឡោ លន់ បានធ្វើការដាំដុះមានរុក្ខជាតិធំៗ ដែលមានអាយុកាលមិនតិចជាង២០ឆ្នាំនោះឡើយ ។

បញ្ហានេះ បើយោងតាមប្រកាសរបស់រាជរដ្ឋាភិបាល បានលើកឡើងថា ពាក់ព័ន្ធបញ្ហាដីធ្លី ក្នុងករណីប្រជាពលរដ្ឋដែលរស់នៅចាប់ពី៥ឆ្នាំឡើងទៅ និងសង្កេតពីស្ថានភាព នៃការរស់នៅ ដូចជាមានការដាំដុះដែលជាសំគាល់ ក្នុងរយៈពេលជាង៥ឆ្នាំនេះផងដែរ រាជរដ្ឋាភិបាលនឹងសម្រេចឱ្យ បុគ្គលនោះរស់នៅស្របច្បាប់ ប៉ុន្តែចំពោះបញ្ហាឈ្មោះ ឡោ លន់ គឺវាផ្ទុយនឹងបញ្ហាខាងលើនេះទាំងអស់ ៕

adverise with khmeread
tiger
Loading ad ...