បុរសមានជាងគេនៅហុងកុងប្រាប់មេដឹកនាំរដ្ឋាភិបាលឱ្យមានក្តីមេត្តាដល់បាតុករ ដែលជាអនាគតចៅហ្វាយដឹកនាំទីក្រុង

បុរសមានជាងគេបំផុតរបស់ហុងកុងបានជំរុញឱ្យរដ្ឋាភិបាល "មានក្តីមេត្តា" ក្នុងការដោះស្រាយកោលាហល ដែលបានអង្រួនទីក្រុងមួយនេះក្នុងប៉ុន្មានខែថ្មីៗនេះ ដោយលោកចាត់ទុកថាវាជាវិបត្តិដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២។

កាលពីថ្ងៃអាទិត្យ លោក Li Ka Shing ដែលក្រុមហ៊ុនពហុផលិតផលរបស់គាត់ស្ថិតក្នុងចំណោមចក្រភពជំនួញលេចធ្លោជាងគេនៅទីក្រុងហុងកុង  បានអំពាវនាវឱ្យមានការផ្សះផ្សារវាងរដ្ឋាភិបាលនិងក្រុមអ្នកតវ៉ា ខណៈបាតុកម្មកាលចុងសប្តាហ៍បានក្លាយជាអំពើហិង្សា។

បុរសវ័យ ៩១ ឆ្នាំនេះបាននិយាយនៅក្នុងពិធីមួយនៅវត្តព្រះពុទ្ធសាសនា Tsz Shan ថា "ប្រសិនបើវានៅតែបន្ត វានឹងមានសភាពអាក្រក់ទៅ ហើយខ្ញុំមានការព្រួយបារម្ភ។ យើងសង្ឃឹមថាយុវជនអាចពិចារណាទៅលើរូបភាពធំ ហើយមេដឹកនាំរដ្ឋាភិបាលក៏អាចមានមេត្តាករុណាចំពោះអនាគតចៅហ្វាយនាយរបស់យើងផងដែរ"។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន CK Hutchison Holdings ដែលជាក្រុមហ៊ុនពហុផលិតផលមានចាប់ពីកំពង់ផែរហូតដល់ទូរគមនាគមន៍ បានបញ្ជាក់អំពីសម្តីរបស់លោក Li Ka Shing។

បាតុករមួយក្តាប់តូចកាលពីថ្ងៃអាទិត្យបានបង្កអគ្គិភ័យ បំផ្លិចបំផ្លាញនៅស្ថានីយរថភ្លើងក្រោមដី និងដាក់របាំងតាមដងផ្លូវនៅតាមសង្កាត់នានា បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់បានដើរតវ៉ាដោយសន្តិវិធីទៅកាន់ស្ថានកុងស៊ុលអាមេរិក។ រូបភាពគួរឱ្យចាប់អារម្មណ៍នៅចំកណ្តាលទីក្រុងហុងកុងនេះគឺជាការក្រើនរំលឹកចុងក្រោយថា ការធ្វើបាតុកម្មរយៈពេល ៣ ខែប្រឆាំងនឹងការក្តោបក្តាប់អំណាចរបស់ចិនប៉េកាំងទំនងជាមិនអាចបញ្ចប់ឆាប់ៗនោះទេ។

មេដឹកនាំហុងកុងលោកស្រី Carrie Lam កាលពីសប្តាហ៍មុនបាននិយាយថា លោកស្រីនឹងលុបចោលជាផ្លូវការនូវសេចក្តីព្រាងច្បាប់ ដែលនឹងអនុញ្ញាតឱ្យធ្វើបត្យាប័នអ្នកទោសទៅកាន់ចិនដីគោក ដែលបង្កឱ្យផ្ទុះការតវ៉ានៅដើមខែមិថុនា។ ប៉ុន្តែក្រុមបាតុករឥឡូវនេះមានការទាមទារផ្សេងទៀតជាច្រើន ហើយរដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធនូវការទាមទារធំជាងគេរបស់បាតុករ នោះគឺ សិទ្ធិក្នុងការជ្រើសរើសមេដឹកនាំរបស់ពួកគេ។

ក្នុងពាណិជ្ជកម្មចុះផ្សាយលើកាសែតកាលពីខែមុន លោក Li Ka Shing បានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅក្នុងសារជាកំណាព្យមួយ ដែលអ្នកខ្លះបកស្រាយថាជាការអំពាវនាវឱ្យពួកអ្នកមានអំណាចបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ខណៈអ្នកដទៃទៀតនិយាយថាវាមានន័យជំរុញឱ្យក្រុមបាតុករបញ្ឈប់ការឆាឆៅទីក្រុង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab