រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយបណ្តាលឱ្យស្លាប់ បុរសម្នាក់នៅផ្លូវជាតិលេខ៦A

ភ្នំពេញ ៖ បុរសម្នាក់កំពុងបើកម៉ូតូសុខៗ លើផ្លូវជាតិលេខ៦A  ក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកមកពីក្រោយបានបុកពេញទំហឹងបណ្តាលឱ្យស្លាប់មួយរំពេច  បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខសាលាកសិកម្មព្រែកលៀប តាមបណ្តោយផ្លូវជាតិលេខ6A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះ អុល ចន្ថា  ភេទប្រុស អាយុ៣២ឆ្នាំ  ជនជាតិខ្មែរ មុខរបរ បើករថយន្តដឹកឥដ្ឋ នៅព្រែកអញ្ចាញស្នាក់នៅកន្លែងធ្វើការ និង មានស្រុកកំណើត ឃុំមេសចាន់ ស្រុកពារាំង ខេត្តព្រៃវែង ភិនភាគជនរងគ្រោះខាងលើស្លៀកពាក់អាវយឺតពណ៌លឿងក្រម៉ៅ ស្លៀកខោក្រប៊ូយកំពស់ប្រហែល១.៧០ ម៉ែត្រ សំបុលខ្មៅស្រអែម ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1CM-6505ជិះតែម្នាក់ឯង។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងឡើយគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូហុងដាតាមបណ្តោយផ្លូវជាតិលេខ6Aទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកយ៉ាងលឿនមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យជនរងគ្រោះខ្ទាតប្រហែល៥០ម៉ែត្របោកក្បាលនឹងថ្នល់ស្លាប់មួយរំពេចរថយន្តក៏បន្ថែមល្បឿនរត់បាត់តែម្តង​ ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏ទាក់ទងទៅសមត្ថកិច្ចជំនាញមកវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

adverise with khmeread
tiger
Loading ad ...