បុគ្គលិកលក់ដូរដ៏អច្ឆរិយៈ ចងចាំព័ត៌មានលើកាតឥណទានរបស់អតិថិជនជាង ១.៣០០ នាក់ រួចលួចប្រើវានៅលើអនឡាញ ដោយចងចាំលេខ ១៦ ខ្ទង់ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះនៅប្រទេសជប៉ុន

មិនមែនគ្រប់មនុស្សមានសមត្ថភាពអច្ឆរិយៈសុទ្ធតែប្រើចំណេះក្នុងផ្លូវល្អរហូតនោះទេ ជាក់ស្តែងដូចបុគ្គលិកក្នុងហាងមួយក្នុងប្រទេសជប៉ុនអ៊ីចឹង គឺមានការចងចាំដ៏អច្ឆរិយៈ អាចចាំរាល់កាតឥណទានរបស់ភ្ញៀវរាប់ពាន់នាក់ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយប្រើវាក្នុងផ្លូវមិនត្រឹមត្រូវ។

លោក Yusuke Taniguchi វ័យ ៣៤ ឆ្នាំថ្មីៗនេះត្រូវបានចាប់ខ្លួនពីបទលួចព័ត៌មានកាតឥណទានរបស់ភ្ញៀវជាង ១.៣០០ នាក់ និងប្រើព័ត៌មានទាំងនោះលើអ៊ីនធឺណេតដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ Taniguchi ធ្វើការជាបុគ្គលិកក្រៅម៉ោងនៅផ្សារទំនើបមួយក្នុងសង្កាត់ Koto City ក្នុងទីក្រុងតូក្យូ កន្លែងដែលគាត់បានប្រើសមត្ថភាពហាត់ចងចាំរូបភាពដើម្បីលួចព័ត៌មានកាតរបស់គេ នៅពេលណាដែលពួកគេប្រើកាតទិញទំនិញ។ ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ គាត់អាចចងចាំលេខកាត ១៦ ខ្ទង់ ទាំងឈ្មោះ ថ្ងៃផុតកំណត់ និងលេខសុវត្ថិភាព ដែលប្រើសម្រាប់ទិញអីវ៉ាន់លើអនឡាញនៅពេលក្រោយទៀត។

Taniguchi បានប្រាប់ប៉ូលិសថា គាត់ប្រើកាតនោះដើម្បីកុម្ម៉ង់ផលិតផល ដែលគាត់នឹងយកទៅលក់នៅពេលក្រោយវិញ ហើយគាត់ក៏បានយកលុយនោះប្រើដើម្បីជួលផ្ទះ និងទិញអាហារផងដែរ។ ហើយនេះ គឺជាមូលហេតុ ដែលគាត់ត្រូវបានគេដឹងរឿងរ៉ាវ។ ក្នុងខែមីនាឆ្នាំនេះ គាត់បានលួចទិន្នន័យកាតឥណទានដើម្បីកុម៉្មង់កាបូបយួរដៃថ្លៃបំផុតចំនួន ២ តម្លៃប្រមាណ ២៧ ម៉ឺនយេន (ស្មើនឹង ២.៥០០ ដុល្លារ) ដោយបញ្ជូនអីវ៉ាន់ទៅអាសយដ្ឋានរបស់គាត់ ហើយវាក៏ជារបៀបដែលប៉ូលិសស៊ើបអង្កេតដឹងផងដែរ៕

 

adverise with khmeread
tiger
Loading ad ...