នារីម្នាក់ដែលគេចាប់ដាក់គុកដោយសារតែបន្លំខ្លួនជាប្រុសមើលបាល់ទាត់ ឥឡូវស្លាប់ហើយបន្ទាប់ពីចាក់សាំងដុតសម្លាប់ខ្លួននៅមុខតុលាការ

នារីអ្នកគាំទ្របាល់ទាត់ជនជាតិអ៊ីរ៉ង់ម្នាក់ ដែលបានដុតខ្លួនឯងក្នុងការតវ៉ាមួយកាលពីមួយសប្តាហ៍មុន បានស្លាប់។

ស្រ្តីរូបនេះបានចាក់សាំងដុតខ្លួនឯងនៅក្នុងរដ្ឋធានីតេហេរ៉ង់ បន្ទាប់ពីបញ្ចប់អង្គជំនុំជម្រះរបស់នាង សម្រាប់ការប៉ុនប៉ងចូលទៅក្នុងកីឡដ្ឋានបាល់ទាត់បន្លំខ្លួនជាបុរសម្នាក់ ត្រូវបានពន្យារពេល។ អាជ្ញាធរអ៊ីរ៉ង់ជាទូទៅតែងតែហាមឃាត់ស្ត្រីមិនឱ្យចូលកីឡដ្ឋានកីឡា។ 

ដំណាលរឿងរបស់នាង ត្រូវបានដក់ជាប់ក្នុងចិត្តរបស់ជនជាតិអ៊ីរ៉ង់ជុំវិញពិភពលោក ដែលបានប្រើប្រាស់សញ្ញា # "Blue Girl" ដែលយោងទៅលើពណ៌ក្រុមដែលនាងគាំទ្រគឺក្រុម Esteqlal of Tehran។

ស្រ្តីរូបនេះមានឈ្មោះ Sahar Khodayari ត្រូវបានចាប់ខ្លួននៅក្នុងខែមីនា ពេលដែលនាងបានព្យាយាមចូលទៅក្នុងកីឡដ្ឋានបាល់ទាត់។

បន្ទាប់ពីត្រូវឃុំខ្លួនក្នុងពន្ធនាគាររយៈពេល ៣ថ្ងៃ នាងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ហើយត្រូវរង់ចាំរយៈពេលប្រាំមួយខែសម្រាប់រឿងក្តីរបស់នាង។ ប៉ុន្តែពេលដែលនាងបង្ហាញខ្លួននៅតុលាការពេលវេលាជំនុំជម្រះក្តីរបស់នាងត្រូវបានលើកទៅពេលក្រោយ ដោយសារតែចៅក្រមតុលាការមានបញ្ហាគ្រួសារបន្ទាន់។ 

បន្ទាប់មកនាងបានត្រឡប់ទៅតុលាការវិញដើម្បីទៅយកទូរស័ព្ទដៃរបស់នាង ហើយវាមានសេចក្តីរាយការណ៍យ៉ាងទូលំទូលាយថា នាងត្រូវបានគេគិតថាបានឮគេនិយាយថា ប្រសិនបើនាងត្រូវបានគេរកឃើញទោសកំហុស នាងអាចជាប់ពន្ធនាគារពីប្រាំមួយខែ ទៅពីរឆ្នាំ។ បន្ទាប់ពីនោះនាងបានដុតខ្លួននាងនៅមុខតុលាការ ហើយបានស្លាប់មន្ទីរពេទ្យនៅពេលក្រោយទៀត។

ស្ត្រីនៅអ៊ីរ៉ង់ត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងពហុកីឡដ្ឋានដើម្បីមើលព្រឹត្តិការណ៍កីឡារបស់បុរសចាប់តាំងពីឆ្នាំ ១៩៨១។ ច្បាប់នេះត្រូវបានលើកជាបណ្តោះអាសន្នកាលពីឆ្នាំមុន ដើម្បីឱ្យស្ត្រីអាចទស្សនាការប្រកួតបាល់ទាត់ពិភពលោក ដែលបានចាក់ផ្សាយនៅពហុកីឡដ្ឋានមួយក្នុងទីក្រុងតេហេរ៉ង់។

អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ខណៈច្បាប់ហាមឃាត់ទៅលើស្រ្តីមិនឱ្យចូលរួមកម្មវិធីប្រកួតកីឡាបែបនេះ មិនត្រូវបានសរសេរចូលទៅក្នុងច្បាប់ វាត្រូវបាន "អនុវត្តដោយគ្មានមេត្តា"។

អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោក Fifa បានកំណត់ថ្ងៃ៣១ សីហាសម្រាប់ប្រទេសអ៊ីរ៉ង់
ដើម្បីអនុញ្ញាតឱ្យស្ត្រីមានសិទ្ធិចូលក្នុងកីឡដ្ឋាន ជាអ្វីដែលប្រទេសនេះមិនទាន់បានធានានៅឡើយ។

ការដុតសម្លាប់ខ្លួនរបស់ស្ត្រីរូបនេះ បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងគំហុកនៅក្នុងប្រទេសអ៊ីរ៉ង់។

លោក Masoud Shojaei ដែលជាប្រធានក្រុមបាល់ទាត់បុរសជម្រើសជាតិអ៊ីរ៉ង់បាននិយាយនៅលើបណ្តាញសង្គម Instagram ថាបម្រាមនេះ "បានចាក់ឬសគល់យ៉ាងហួសសម័យ និងបង្កឱ្យមានអារម្មណ៍ឆ្គាំឆ្គងបំផុត ដែលមនុស្សជំនាន់ក្រោយមិនយល់ថាវាជាអ្វី"។

កាលពីដើមខែនេះ ប្រជាជនអ៊ីរ៉ង់បានចាប់ផ្តើមធ្វើយុទ្ធនាការតាមអ៊ិនធឺណិតទៅដល់អង្គការកីឡាពិភពលោកដើម្បីហាមឃាត់ប្រទេសនេះពីការប្រកួតប្រជែងកីឡានានា
ដើម្បីបញ្ឈប់នូវអ្វីដែលពួកគេយល់ថាជាការជ្រៀតជ្រែករបស់រដ្ឋក្នុងវិស័យកីឡា៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab