វ៉េណេស៊ុយអេឡាលើកទ័ព ១៥ ម៉ឺននាក់រួមជាមួយរថក្រោះនិងយន្តហោះចម្បាំងដាក់ក្បែរព្រំដែនកូឡុំប៊ី ស្របពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ

ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro បានប្រកាសចាប់ផ្តើមសមយុទ្ធយោធានៅតាមព្រំដែនប្រទេសរបស់លោកជាមួយប្រទេសកូឡុំប៊ីដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី១១កញ្ញា។

ពួកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡាបាននិយាយកាលពីអង្គារថា ពួកគេបានចាប់ផ្តើមកេណ្ឌកងទ័ពចំនួន ១៥០.០០០ នាក់នៅតាមព្រំដែនចំពេលមានភាពតានតឹងជាថ្មីរវាងរដ្ឋាភិបាលក្រុងបូហ្គូតានិងការ៉ាកាស។

ប្រធានាធិបតី Maduro បានបញ្ជាឱ្យដាក់ពង្រាយកងទ័ពរបស់គាត់នៅតាមបណ្តោយព្រំដែនប្រវែង ២.២០០ គីឡូម៉ែត្រ បន្ទាប់ពីចោទប្រកាន់កូឡុំប៊ីថារៀបចំផែនការបង្កជម្លោះយោធា។

រថក្រោះ ជើងទម្របាញ់មីស៊ីល យន្តហោះចម្បាំង និង កងទ័ពរាប់សិបនាក់ ត្រូវបានដាក់ពង្រាយនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិ Garcia de Hevia នៅរដ្ឋ Tachira ភាគខាងលិចកាលពីថ្ងៃអង្គារ។ 

លោក Maduro បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីអង្គារថា "ពេលវេលាបានមកដល់ហើយដើម្បីការពារអធិបតេយ្យភាពនិងសន្តិភាពជាតិរបស់យើងដោយការប្រើប្រាស់ធនធានការពារជាតិរបស់យើងពេញទំហឹង"។

ការប្រមូលផ្ដុំកងទ័ពនៅតាមព្រំដែនបែបនេះបានទាក់ទាញការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកចំពេលមានការទាស់ទែងគ្នាកាន់តែខ្លាំងឡើងរវាងប្រទេសជិតខាងអាមេរិកខាងត្បូងទាំងពីរនេះនិងបង្ខំឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផ្តល់ការគាំទ្រដល់កូឡុំប៊ី។

មេដឹកនាំបក្សប្រឆាំងលោក Juan Guaido បានចោទប្រធានាធិបតី Maduro ថាបង្កើនភាពតានតឹងជាមួយកូឡុំប៊ី "ដើម្បីបង្វែរការចាប់អារម្មណ៍" ពីការទាមទារឱ្យគាត់ចុះចេញពីអំណាច និងដោះស្រាយ "ភាពអាសន្នខាងមនុស្សធម៌ជាបន្ទាន់" នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab