ម្ចាស់គេធ្វើដំណើរពីថៃដើម្បីដាក់ពាក្យបណ្ដឹងរករថយន្តបាត់ពីថៃ ដែលចោរលួចមកប្លុងចោលនៅកម្ពុជា

បន្ទាយមានជ័យ​ ៖  រថយន្ត១គ្រឿងម៉ាកតូយូតាអាល់ហ្វាត (TOYOTA ALPHARD)ដែលចោរលួចពីក្នុងដីថៃចូលមកលាក់ក្នុងព្រៃ​ ម្តុំភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យស្រាវជ្រាវរកឃើញតាមរយៈជីភីអេស (GPS) ហើយបានប្រគល់ជូនម្ចាស់ដើមជាជនជាតិថៃវិញនាថ្ងៃទី១១កញ្ញាឆ្នាំ២០១៩ម្សិលមិញ។ 

មន្ត្រីអាវុធហត្ថនិយាយថា​ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាជនជាតិថៃឈ្មោះ ជីរ៉ាវ៉ាត់ លើតកាស៊ីត ហៅ ធីម ភេទប្រុស បានបាត់រថយន្ត០១គ្រឿងម៉ាក តូយូតាអាល់ហ្វាត (TOYOTA ALPHARD) ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ ។ បើតាមការឆែកជីភីអេសរបស់ម្ចាស់រថយន្តបានឱ្យដឹងថា រថយន្តនេះនៅក្នុងទឹកដីខ្មែរ។ ពាក្យបណ្ដឹងនេះតាមរយៈការិយាល័យទំនាក់ទំនងព្រំដែនថៃ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។ 

ក្រោយពីទទួលបានពាក្យបណ្ដឹងតាមរយៈការិយាល័យទំនាក់ទំនងថៃ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឱ្យគ្រប់បណ្ដាបញ្ជាការមូលដ្ឋានក្រុង-ស្រុក ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវស្រាវជ្រាវរុករករថយន្តដែលមានភិនភាគខាងលើ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។ 

មន្ត្រីដដែលបន្តថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៩៩៩ ដែលឈរជើងនៅច្រកព្រំដែនបឹងត្រគួន ដឹកដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើប្រតិបត្តិការស្រាវជ្រាវរុករករហូតរកឃើញរថយន្ត០១គ្រឿងនេះ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃ ខែ ឆ្នាំ ដដែល។ 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឱ្យដឹងថា ក្រោយពីរកឃើញរថយន្តរថយន្តនោះ ត្រូវបានជាប់សោហើយលោកបាន រាយការណ៍ជូនលោកឧត្តមសេនីយ៍មេបញ្ជាការ ដើម្បីយករថយន្តមកស្ទូចដឹកយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីរក្សាទុកបណ្ដោះអាសន្ន។ 

ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៨ ថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ រថយន្ត០១គ្រឿង ម៉ាកតូយូតាអាល់ផាត(TOYOTA.ALPHAFD) ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤  (ស្លាកលេខថៃ) ដែលរកឃើញកាលពីថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីយប់ ត្រូវបានប្រគល់ទៅឱ្យម្ចាស់ដើមវិញហើយ តាមរយៈលោកវរសេនីយ៍ឯកឈុមកេត ណុបគេត ប្រធានស្តីទីការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា។  ចំណែកជនដែលពាក់ព័ន្ធករណីលួចរថយន្តខាងលើនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

adverise with khmeread
tiger
Loading ad ...