តារាចម្រៀងប៉ុបសក់ពណ៌ផ្កាឈូក នាងម៉ៃ ខយ (Mai Khoi) ដែលគេប្រសិទ្ធនាមថា ឡេឌីហ្គាហ្គាវៀតណាម ដោយសារឈុតសម្លៀកបំពាក់ស្ទីលដូចគ្នា បានរកឃើញវិធីថ្មីដើម្បីធ្វើឱ្យប្រិយមិត្តមានការភ្ញាក់ផ្អើល ដោយនាងបានឈរឈ្មោះសម្រាប់តំណែងមួយនៅសភាជាតិរួមជាមួយនឹងក្រុមមនុស្សមាននិន្នាការផ្សេងគ្នាជាច្រើននាក់ទៀតដូចជាអ្នកប្រឆាំង និងសកម្មជនជាដើមដើម្បីធ្វើតេស្តដែនកំណត់របស់ប្រទេសផ្តាច់ការមួយនេះ។ នេះបើយោងតាមវេបសាយ Straitstimes ចេញផ្សាយថ្ងៃព្រហស្បតិ៍នេះ។
នេះមិនមែនជារឿងចម្រូងចម្រាស់ថ្មីសម្រាប់តារាចម្រៀងសំឡេងស្រទន់រូបនេះទេ។ បទចម្រៀង Selfie Orgasm របស់នាងបានញ៉ាំងឱ្យមានការរិះគន់យ៉ាងខ្លាំងរួចម្តងមកហើយៗជម្រើសសម្លៀកបំពាក់របស់នាង ក្នុងនោះមានការបង្ហាញខ្លួនជាសាធារណៈដោយឥតពាក់អាវទ្រនាប់ តែងតែបង្កការភ្ញាក់ផ្អើលពេញបណ្តាញផ្សព្វផ្សាយរបស់រដ្ឋវៀតណាម។
ឥឡូវ តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមមេធាវី អ្នកកាសែត និងអ្នកនយោបាយប្រឆាំងដើម្បីបន្ថែមការប្រកួតប្រជែងចំពោះថ្នាក់ដឹកនាំកុម្មុយនីស្ត តាមរយៈការឈរឈ្មោះសម្រាប់តំណែងមួយនៅក្នុងសភាជាតិ។
ម៉ៃ ខយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ការពិភាក្សាតាមបណ្តាញផ្សព្វផ្សាយបាននាំគ្នាផ្តោតសំខាន់មកលើទស្សនៈ បែបផែនជីវិត និងការស្លៀកពាក់របស់ខ្ញុំថាតើសក្តិសមសម្រាប់សមាជិកមួយរូបនៃសភាជាតិដែរឬក៏អត់"។
នាងបាននិយាយថា "ខ្ញុំគឺជារូបខ្ញុំ។ ចុងក្រោយ ខ្ញុំសង្ឃឹមថាមនុស្សនឹងវិនិច្ឆ័យខ្ញុំផ្អែកលើចំណុចខ្លាំងនៃគំនិតរបស់ខ្ញុំ មិនមែនពណ៌សក់របស់ខ្ញុំទេ"។ នាងបានបន្ថែមថា នាងនឹងជំរុញសិទ្ធិមនុស្សភេទទីបី និងប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្ត្រី ប្រសិនបើជាប់ឆ្នោត។
សាស្ត្រាចារ្យ ង្វៀន កាងអា បេក្ខជនឈរឈ្មោះមួយរូបផ្សេងទៀតបាននិយាយថា តាមច្បាប់ ប្រទេសវៀតណាមមានធម្មនុញ្ញប្រជាធិបតេយ្យ ដែលអនុញ្ញាតឱ្យមនុស្សគ្រប់រូបដែលមានអាយុ ២១ ឆ្នាំឡើងអាចស្វែងរកការបោះឆ្នោតរកតំណែងមួយនៅសភាជាតិ មិនដូចប្រទេសជិតខាងចិននោះទេ។
ទោះយ៉ាងណា លោកបាននិយាយថា ធាតុពិតជាក់ស្តែង ជាង ៩០ ភាគរយនៃស្ថាប័ននីតិបញ្ញត្តិដែលមានសមាជិក ៥០០ នាក់នេះគឺជាសមាជិកមកពីបក្សកុម្មុយនីស្តកាន់អំណាច ដោយសមាជិកសេសសល់ផ្សេងទៀតភាគច្រើនគឺមកពីក្រុមសេដ្ឋីជំនួញដែលចង់បង្កើនផលប្រយោជន៍របស់ខ្លួន។
លោកកាងអាបាននិយាយថា "យើងនឹងព្យាយាមជួយរបបដឹកនាំនេះប្រែក្លាយវោហាស័ព្ទរបស់ខ្លួនទៅជាការពិត។ វោហាស័ព្ទរបស់ពួកគេពិរោះស្តាប់ណាស់។ ប៉ុន្តែការពិតគឺខុសគ្នាស្រឡះ"៕
