រស់នៅភ្នំពេញ​ ទៅរកស៊ីគាស់ផ្ទះនៅសៀមរាបត្រូវប៉ូលិសវ៉ៃខ្នោះ

សៀមរាប​ ៖ ជនសង្ស័យម្នាក់នៅភ្នំពេញ​ បានទៅធ្វើសកម្មភាពករណីគាស់ផ្ទះទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិកាលពីខែកក្កដាកន្លងទៅ​ ត្រូវបានប៉ូលិសក្រុងសៀមរាបវ៉ៃខ្នោះបញ្ជូនទៅតុលាការនាថ្ងៃទី១១កញ្ញាឆ្នាំ២០១៩។ 

ប៉ូលិសនិយាយថា​ ករណីនេះជនរងគ្រោះឈ្មោះ ឪ វន ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ចំណែកជនសង្ស័យឈ្មោះ តែល ផាន់នី ហៅ នី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ប៉ូលិសបន្តថា​ ​ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការប៉ូលិសក្រុងសៀមរាប ព្រមទាំងមានការសម្របសម្រួលពីលោកកើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩ បានបើកស្រាវជ្រាវនិងស៊ើបអង្កេត ករណីគាស់ផ្ទះទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទីរសៀលកន្លងទៅ ស្ថិតនៅចំណុចក្រុមទី៣ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ 

ក្រោយពីកំណត់មុខសញ្ញាបានហើយកម្លាំងប៉ូលិសជំនាញបានធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច​ ប៉ូលិសបានប្រតិបត្តិការល្បាតក៏ប្រទះឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1AS-7428 មានភិនភាគដូចរថយន្ត ដែលធ្វើសកម្មភាពខាងលើ ក៏បានតាមឃ្លាំមើលពេញ១ថ្ងៃរហូតដល់ព្រលប់ទើបរថយន្តនេះចូលទៅឈប់នៅមុខសណ្ឋាគាតាន់កង នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ 

បន្ទាប់មកកម្លាំងប៉ូលិសជំនាញក៏បានធ្វើការឃាត់ខ្លួន និងនាំជនសង្ស័យឈ្មោះ តែល ផាន់នី ហៅ នី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកធ្វើការសាកសួរចម្លើយនៅអធិការដ្ឋានក្រុងសៀមរាប។

យោងតាមចម្លើយរបស់ជនសង្ស័យបានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់នាថ្ងៃទី១១កញ្ញាឆ្នាំ២០១៩៕

adverise with khmeread
tiger
Loading ad ...