នារីលក់ឡេម្នាក់បើករថយន្តព្រូសបើកបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយរបួសធ្ងន់បុរសម្នាក់

កណ្ដាល​ ៖ បុរសម្នាក់របួសធ្ងន់ ខណៈកំពុងបើកម៉ូតូសណ្ដោងរ៉ឺម៉ក ស្រាប់តែមានរថយន្ដមួយគ្រឿងបើកល្បឿនលឿន បានបុកម៉ូតូជនរងគ្រោះពីក្រោយពេញមួយទំហឹង កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ៣៥-៣៦ ស្ថិតក្នុងភូមិឡឥដ្ឋ ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ រស់ បូរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកសាន់យ៉ាន់ ពណ៌ស គ្មានស្លាកលេខ។ 

ចំណែកភាគីខាងរថយន្ដម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-7499 ស៊េរីឆ្នាំ២០០៤ បើកបរដោយឈ្មោះ ឆៃយ៉ា បរិញ្ញា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ឡេ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប៉ូលិសបន្ដថា ដំបូងគេបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដម៉ាកព្រូសមួយគ្រឿង បើកដោយល្បឿនលឿន ស្ថិតក្នុងសភាពមេឃភ្លៀងផងនោះ ក៏ជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដែលបើកនៅខាងមុខពេញមួយទំហឹង បណ្ដាលឱ្យបុរសជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងប៉ូលិសចរាចរណ៍ស្រុក បានចុះទៅធ្វើការអន្ដរាគមន៍ហៅរថយន្ដសាមុយដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យ វាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីចាត់ការតាមច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab