រូបសំណាកព្រះពុទ្ធយក្សពីរអាយុកាលជិត ១.៥០០ ឆ្នាំ ត្រូវបានឆ្លាក់នៅក្នុងជម្រាលថ្មភក់នៅជិតទីក្រុង Bamiyan នៃភូមិភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថាន។ ហើយកាលពីថ្ងៃពុធ ទី១៦ ម្សិលមិញនេះគឺជាថ្ងៃរំលឹកខួបនៃការកម្ទេចរូបសំណាកដ៏មានតម្លៃនេះ។
នៅក្នុងរយៈកម្ពស់ ៥០ ម៉ែត្រ រូបសំណាកព្រះពុទ្ធ Bamiyan ត្រូវបានឆ្លាក់ដោយព្រះសង្ឃនៅអំឡុងសតវត្សទី ៦ នាពេលដែលទីក្រុងមួយនេះនៅជាមជ្ឈមណ្ឌលសាសនាដ៏សំខាន់នៅតាមបណ្តោយផ្លូវសូត្រដែលភ្ជាប់ប្រទេសចិនទៅប្រទេសលោកខាងលិច។
អំឡុងឆ្នាំ ២០០១ មេដឹកនាំប្រទេសតាលីបង់លោក Mullah Omar បានបញ្ជាឱ្យពួកគេកម្ទេចរូបសំណាកសាសនាមួយនេះដោយបង្កការតក់ស្លត់យ៉ាងខ្លាំងចំពោះប្រជាជនកាន់សាសនាព្រះពុទ្ធជុំវិញពិភពលោក។
កងកម្លាំងរបស់មេដឹកនាំរូបនេះបានព្យាយាមប្រើប្រាស់កាំភ្លើងប្រឆាំងយន្តហោះ និងកាំភ្លើងធំ ប៉ុន្តែមិនអាចកម្ទេចរូបសំណាកដ៏ធំនេះឡើយ។
នៅទីបំផុត ក្រុមកសិករក្នុងតំបន់នោះត្រូវបានបង្គាប់បានដាក់គ្រាប់បែករាប់តោនដើម្បីបំផ្ទុះរូបសំណាក់ទាំងពីរនេះ។
កសិករក្នុងភូមិលោក Sayid Mirza Hossein ត្រូវបានបង្ខំឱ្យលូកដៃចូលទៅក្នុងរឿងដ៏អាក្រក់មួយនេះរយៈពេលជាច្រើនសប្តាហ៍។ គាត់គឺជាសាក្សីដែលបានផ្តល់ព័ត៌មានអំពីឥទ្ធិពលអាក្រក់នៃការបំផ្លិចបំផ្លាញមួយនេះ។
លោក Mirza Hossein បាននិយាយរៀបរាប់ប្រាប់ថា "ថ្ងៃមួយដែលខ្ញុំបានកម្ទេចរូបសំណាកព្រះពុទ្ធ Bamiyan វាហាក់ដូចជាបានកម្ទេចលំនៅដ្ឋានផ្ទាល់របស់ខ្ញុំអ៊ីចឹង។ ទីក្រុង Bamiyan មានរូបសំណាកព្រះពុទ្ធបីអង្គ ដែលមានតម្លៃបំផុតសម្រាប់ប្រជាជននៅទីនេះ។ ភ្ញៀវទេសចរនឹងមកទស្សនារូបសំណាកទាំងនេះ។ ព្រះពុទ្ធអង្គទាំងនេះពិតជាមានតម្លៃរកអ្វីប្រៀបផ្ទឹមពុំបាននៅក្នុងពិភពលោកនេះ ហើយពួកយើងនឹងទទួលបានអត្តញ្ញាណនៃតម្លៃសម្រាប់ព្រះពុទ្ធរូប Bamiyan "។
"ខ្ញុំគ្រាន់ជាកសិករសាមញ្ញម្នាក់ ខ្ញុំរស់នៅក្នុងរូងភ្នំ។ មានពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយថា ពួកតាលីប៉ង់នឹងមកកាន់កាប់ Bamiyan។ ពេលដែលពួកគេមកដល់ពួកគេបានចាប់ខ្ញុំញាត់គុក ជាមួយនឹងប្រជាជនរាប់រយនាក់ផ្សេងទៀត"។
"ដំបូងពួកគេបានយកអាវុធធន់ធ្ងន់ដាក់នៅមុខរូបសំណាកព្រះពុទ្ធ ពួកគេបានធ្វើការវាយប្រហាររូបសំណាកទាំងនេះជាមួយនឹងរថក្រោះ និងគ្រាប់រ៉ុក្កែត។ ប៉ុន្តែពួកគេមិនអាចកម្ទេចរូបសំណាក់ទាំងនេះបានឡើយ"។
"ពួកគេបានដឹករំសេវផ្ទុះពីទីក្រុង Kandahar និង Marzar។ ពួកយើងបានរើគ្រាប់រំសេវទាំងនោះ ហើយនាំពួកគេទៅកាន់រូបសំណាកព្រះពុទ្ធ ពួកវាបាននាំពួកយើងទៅជាមួយពីរទៅបីថ្ងៃ"។
"ពួកយើងមិនអាចនិយាយថាទេបានឡើយ ពួកយើងមិនអាចនិយាយថាយើងមិនបំផ្ទុះរូបសំណាកព្រះពុទ្ធនោះទេ ប្រសិនជាយើងហ៊ានបដិសេធ ពួកវានឹងសម្លាប់យើង"។
"ពួកតាលីបង់បានឈរជាមួយនឹងកាំភ្លើងរបស់ពួកវាត្រៀមបាញ់ ប្រសិនបើពួកយើងបង្កឱ្យមានកំហុសណាមួយ។ ខ្ញុំបានតម្រៀបគ្រាប់រំសេវទាំងនោះចំនួនបីតោន។ រួចពួកគេក៏បានបំផ្ទុះរូបសំណាក់ទាំងនោះ ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយជាទីបំផុត"៕
