បុរសជាបុគ្គលិកកាស៊ីណូម្នាក់ចងកសម្លាប់ខ្លួនឯងនៅលើដើមស្វាយ

កណ្ដាល​ ៖​ បុរសជាបុគ្គលិកកាស៊ីណូម្នាក់បានចងកធ្វើអត្ដឃាតសម្លាប់ខ្លួនឯងនៅលើដើមស្វាយ ត្រង់ចំណុចដីចំការមួយកន្លែង ស្ថិតក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥ និង៣០នាទីល្ងាច។  

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉េត មេឃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ 

យោងតាមការបំភ្លឺរបស់ស្រ្ដីឈ្មោះ ឈួន សារ៉ន ត្រូវជាម្ដាយជនរងគ្រោះបានឱ្យដឹងថា មួយរយៈកន្លងមក ជនរងគ្រោះត្រូវកូនរបស់គាត់មានស្មារតីវង្វេងរវើរវាយ ហើយនៅពេលយប់ ចេះតែរកចុះចេញពីផ្ទះ។ ចំណែករូបគាត់ជាម្ដាយ និងប្ដីតែងតែ នៅយាមនិងមើលថែរទាំងយប់ទាំងថ្ងៃ មិនត្រឹមតែយាមទេ រូបគាត់ជាម្ដាយបានយកជនរងគ្រោះទៅឱ្យព្រះសង្ឃស្រោចទឹកញឹកញាប់ដែរ តែនៅមិនជាសះស្បើយសោះ។ 

លុះមកដល់វេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ កូនគាត់ដែលជាជនរងគ្រោះ បានប្រាប់គាត់ថា «បើម៉ែឯងនៅខឹងខ្ញុំ ខ្ញុំចុះចេញពីផ្ទះហើយ»។ ភ្លាមនោះជនរងគ្រោះក៏ចុះចេញពីផ្ទះបាត់ទៅ។ លុះបានមួយសន្ទុះក្រោយមក ស្រ្ដីជាជាម្តាយ បានឱ្យកូនប្រុសរបស់គាត់ម្នាក់ទៀត ឈ្មោះ ម៉េត មីត អាយុ១៧ឆ្នាំ ដើររកដែរតែរកមិនឃើញទេ។ 

រហូតមកដល់វេលាម៉ោង៥ និង៣០នាទីល្ងាច ស្រាប់តែមានប្រជាពលរដ្ឋបានឃើញជនរងគ្រោះស្លាប់ ដោយសារចងកសម្លាប់ខ្លួននៅលើដើមស្វាយជាមួយនឹងខ្សែនីឡុង។ ភ្លាមនោះក៏ផ្អើលឆោឡោប្រាប់បងប្អូនសាច់ញាតិជនរងគ្រោះ និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីពិនិត្យ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះ ក៏ចុះទៅដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន , លោកគ្រូពេទ្យ និងក្រុមគ្រួសារសព រួចធ្វើការពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកប្រាកដមែន។ ក្រោយពីពិនិត្យចប់ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread