កែវយឹតយក្សរបស់ចិនរកឃើញរលកសញ្ញាចម្លែកៗជាង១០០មកពីចម្ងាយ៣ពាន់លានឆ្នាំបន្លឺ ឥឡូវកំពុងស៊ើបអង្កេតបន្តទៀត

កែវយឹតធំបំផុតរបស់ចិនបានរកឃើញរលកសញ្ញា "អាថ៌កំបាំង" ជាង ១០០ មកពីប្រភពមួយ ដែលមានចម្ងាយ ៣ ពាន់លានឆ្នាំពន្លឺពីផែនដី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៩កញ្ញា។

រលកសញ្ញាចម្លែកៗទាំងនេះត្រូវបានគេហៅថា "បន្ទុះរលកសញ្ញាលឿនស្លេវ" ដែលជាថាមពលដ៏លឿនមកពីប្រភពមិនស្គាល់ ប៉ុន្តែជាប្រភពថាមពលខ្ពស់នៅក្នុងលំហអាកាស។

ក្រុមអ្នកស្រាវជ្រាវនៅកន្លែងឃ្លាំមើលអវកាសរបស់ចិនកំពុងបន្តតាមដានរលកសញ្ញាទាំងនោះ ដោយសង្ឃឹមថា ការវិភាគបន្ថែមទៀតនឹងបង្ហាញពីរបៀបដែលរលកសញ្ញាទាំងនោះត្រូវបានបង្កើតឡើង។

ក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានរាយការណ៍ថា រលកសញ្ញាមិនអាចពន្យល់បានទាំងនេះ ត្រូវបានរកឃើញដោយកែវយឹតអវកាស ដែលមានអង្កត់ផ្ចិត ៥០០ ម៉ែត្ររបស់ចិនឈ្មោះថា FAST និងថ្មីៗនេះកំពុងត្រូវបានពិនិត្យនិងវិភាគ។

កែវយឹតនេះកំពុងសិក្សាប្រភពបន្ទុះរលកសញ្ញាលឿនស្លេវ ហៅថា FRB121102 ដែលប្រទះឃើញនៅលើមេឃដំបូងបង្អស់ដោយកែវយឹត Arecibo Observatory នៅប្រទេសព័រតូរីកូកាលពីឆ្នាំ ២០១៥។ ក្រុមតារាវិទូនៅឯ FAST បានរកឃើញបន្ទុះរលកសញ្ញាជាង ១០០ ចេញពី FRB121102 ចាប់តាំងពីចុងខែសីហា ជាចំនួនដ៏ច្រើនបំផុតនៃរលកសញ្ញាចម្លែកបែបនេះ ដែលមិនធ្លាប់រកឃើញពីមុនមក៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab