បន្ទាប់ពីរងរបួសក្បាល ក្មេងស្រីម្នាក់នេះជឿថា រាល់ថ្ងៃគឺជាថ្ងៃទី១១មិថុនា ព្រោះខួរក្បាលចាប់ផ្តើមកំណត់ឡើងវិញរាល់២ម៉ោងម្តង

ក្មេងស្រីជំទង់ម្នាក់គិតថារាល់ថ្ងៃគឺជាថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីការទង្គិចក្បាលរបួសធ្ងន់ធ្ងរមួយ បណ្តាលឱ្យការចងចាំរបស់នាងត្រូវបានកំណត់ឡើងវិញរៀងរាល់ ២ម៉ោងម្តង។ នេះបើយោងតាមវេបសាយ Metro អង់គ្លេស។

ជារៀងរាល់ពេលដែល Riley Horner ងើបឡើង នាងជឿជាក់ថា វាគឺជាថ្ងៃដដែល ដែលនាងត្រូវបានទាត់ដោយចៃដន្យចំក្បាលដោយសិស្សម្នាក់ ពេល "កំពុងត្រូវបានបោះឡើងឡើងលើដោយហ្វូងមនុស្ស" អំឡុងការរាំកម្សាន្តនៅឯសន្និបាតកសិកម្មយុវជនមួយនៅក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។

របួសនេះបានបណ្តាលឱ្យ Horner ទទួលរងនូវបញ្ហាប្រកាច់ជាច្រើនលើក ហើយចាប់តាំងពីពេលនោះមកធ្វើឱ្យគ្រូពេទ្យមានភាពស្រឡាំងកាំង ដែលដំបូងឡើយពួកគេគិតថានាងគ្រាន់តែទង្គិចក្បាលធម្មតា និងបានបញ្ជូននាងទៅផ្ទះវិញ។

ម្តាយរបស់ Riley លោកស្រី Sarah Horner បានប្រាប់ទៅវេបសាយ WQAD ថា "ពួកគេបានប្រាប់យើងថា មិនមានអ្វីខុសជាមួយផ្នែកវេជ្ជសាស្រ្តទេ។ ពួកគេមើលមិនឃើញអ្វីមានបញ្ហាទេ។ អ្នកមិនអាចមើលឃើញការទង្គិចក្បាល ទោះបីជាឆ្លងកាត់ការស្កែន MRI ឬ CT។ មិនមានឈាមក្នុងខួរក្បាល មិនមានដុំសាច់ទេ"។

បញ្ហារបួស និងការចងចាំកំណត់ឡើងវិញជារៀងរហូតនេះ បានបង្ខំឱ្យ Riley ត្រូវយកសៀវភៅកំណត់ហេតុ និងខ្មៅដៃតាមខ្លួនជារៀងរាល់ថ្ងៃនៅសាលា ដើម្បីចងចាំថតទូដាក់សម្ភារៈរបស់នាង ដឹងថ្ងៃជាក់លាក់ និងអ្វីដែលនាងបានភ្លេចរួចជាស្រេច។

Riley បាននិយាយថា "ខ្ញុំដឹងវាគឺពិតជាលំបាកសម្រាប់ពួកគេ ដូចគ្នាទៅនឹងការលំបាកសម្រាប់ខ្ញុំ។ ហើយមនុស្សជុំវិញមិនយល់នោះទេ។ វាគឺដូចជារឿងកុនមួយអ៊ីចឹង។ ប្រាកដណាស់ ខ្ញុំប្រហែលមិនចងចាំកិច្ចសម្ភាសន៍នេះទេ នៅពេលក្រោយទៀត …ខ្ញុំអត់ចងចាំអ្វីសោះតែម្តង។ ខ្ញុំពិតជាខ្លាចខ្លាំងណាស់"។

លោកស្រី Sarah Horner បាននិយាយថា បងប្រុសរបស់កូនស្រីនាងបានស្លាប់កាលពីពេលថ្មីៗនេះ ប៉ុន្តែបាននិយាយថា Riley "ប្រហែលជាមិនដឹងអ្វីទាំងអស់។ ហើយយើងបានប្រាប់នាងជារៀងរាល់ថ្ងៃ ប៉ុន្តែនាងអត់យល់ពីវាសោះ"។ លោកស្រីបន្តថា "ដុកទ័រប្រាប់យើងថា នាងប្រហែលជាមានស្ថានភាពដូចនេះជារៀងរហូត។ ហើយយើងគឺមិនអាចទទួលយកវាបានទេ"។

លោកស្រី Sarah និយាយថា លោកស្រីចង់ឱ្យដុកទ័រជួយរកមូលហេតុរបស់នាង មុនពេលអ្វីៗត្រូវហួសពេល៕

adverise with khmeread