ប្អូនស្រីរបស់ប្រធានក្រុមជម្រើសជាតិអ៊ីរ៉ង់ចោទ FIFA ថាឈរឱបដៃមើលអ្នកគាំទ្រស្រីម្នាក់ដុតសម្លាប់ខ្លួន រឿងលួចមើលបាល់ទាត់ ហើយប្រឈមជាប់គុក

សហព័ន្ធបាល់ទាត់ពិភពលោក FIFA ត្រូវបានគេចោទប្រកាន់ថាមិនបានធ្វើគ្រប់គ្រាន់ទេដើម្បីការពារអ្នកគាំទ្របាល់ទាត់ស្រីម្នាក់ ដែលដុតសម្លាប់ខ្លួន បន្ទាប់ពីនាងត្រូវបានចាប់ខ្លួនពីបទលួចចូលកីឡដ្ឋានមើលបាល់ទាត់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា។ 

ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់នេះត្រូវបានចោទប្រកាន់ពីបទមិនចាត់វិធានការលើការរើសអើងយេនឌ័ររបស់ខ្លួនឱ្យបានខ្លាំងក្លា បន្ទាប់ពីនាង Sahar Khodayari បានដុតសម្លាប់ខ្លួនឯង។

និស្សិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រអាយុ ២៩ ឆ្នាំរូបនេះបានក្លែងខ្លួនជាបុរសដោយលាក់សក់របស់នាងនៅក្រោមសក់ពាក់និងពាក់អាវធំ។

បន្ទាប់ពីបានលួចចូលមើលការប្រកួតមួយក្នុងទីក្រុង Tehran ដើម្បីមើលក្រុមរបស់នាង Esteghlal នៅឯកីឡដ្ឋាន Azadi នាង Khodayari  ក៏ត្រូវគេដឹងរួចចាប់ខ្លួនតែម្តង។

កាលពីពីរសប្តាហ៍មុន នាងបានប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៦ ខែក្រោមការចោទប្រកាន់ថាបានបង្ហាញខ្លួននៅទីសាធារណៈដោយគ្មានស្បៃគ្របក្បាលនិងប្រមាថមន្រ្តី។

នាងបានចាក់សាំងស្រោចខ្លួននាងនៅក្រៅតុលាការ ហើយដុតឆេះខ្លួនប្រាណ៩០ភាគរយ បន្ទាប់ពីសាលក្រមហៀបនឹងត្រូវប្រកាស។ នាង Khodayari ត្រូវបានដឹកទៅមន្ទីរពេទ្យ ប៉ុន្តែស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេកកាលពីព្រឹកថ្ងៃចន្ទទី៩កញ្ញា។

ស្ត្រីអ៊ីរ៉ង់ត្រូវបានហាមចូលមើលបាល់ទាត់បុរសក្នុងប្រទេសនេះ ក្រោយពីបដិវត្តន៍អ៊ីស្លាមក្នុងឆ្នាំ ១៩៧៩។ 

នាង Maryam Shojaei ជាសកម្មជនលេចធ្លោមួយរូប ដែលបងប្រុសនាងគឺជាប្រធានក្រុមជម្រើសជាតិអ៊ីរ៉ង់នៅ World Cup ក្នុងប្រទេសរុស្ស៊ីឆ្នាំមុន បាននិយាយថា FIFA គួរតែធ្វើសកម្មភាព មុនពេលសោកនាដកម្មនេះកើតឡើង។ 

នាងបានប្រាប់កាសែត The Sunday Times ថា "ប្រសិនបើ FIFA ចាត់វិធានការលើការរើសអើងយេនឌ័ររបស់ខ្លួនឱ្យហ្មត់ចត់ ប្រសិនបើ FIFA ចាត់វិធានការឱ្យបានមុនបន្តិច នោះរឿងរ៉ាវបែបនេះនឹងមិនកើតឡើងចំពោះនាង Sahar ទេ។ នេះពិតជាគួរឱ្យសោកស្តាយណាស់។ រឹតតែឈឺចិត្តជាងនេះទៀតគឺថា រឿងនេះអាចទប់ស្កាត់បានសោះ តែគេមិនធ្វើ"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab