ភ្លើងឆាបឆេះឃ្លាំងលក់រថយន្តយ៉ាងសន្ធោសន្ធៅនៅ ខណ្ឌសែនសុខ

ភ្នំពេញ​ ​៖​ មេឃកំពុងភ្លៀងក៏មានអគ្គិភ័យ​ដែលឆាបឆេះឃ្លាំងជួសជុលម៉ាស៊ីនត្រជាក់​ និង ឃ្លាំងលក់រថយន្តមួយកន្លែងក្បែរស្ពានអាកាសផ្សារដីហុយ យ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ ជួយយកបំពង់បាញ់ពន្លត់និងសមត្ថកិច្ច​ជួយអន្តរាគមន៍ភ្លាមៗ ។

គ្រោះអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង​ ៥និង៤៥នាទីល្ងាច​ ថ្ងៃ អាទិត្យទី១៥​ ខែកញ្ញា​ ​ឆ្នាំ២០១៩​ នៅចំណុចផ្សារឃ្លាំងជួសជុលម៉ាស៉ីនត្រជាក់ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ (ផ្លូវលេខ១០១៩) ខាងជើងស្ពានអាកាសផ្សារដីហ៊ុយជាង៣០០មែត្រ ស្ថិតនៅក្រុមទី៨ ភូមិចុងផ្លូវខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

 សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ តុង ធូ ភេទ​ប្រុស​ អាយុ​៨៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ នៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

 យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ ដំបូងគេបានឃេីញមានផ្សែងហ៊ុយចេញពីក្នុងឃ្លាំងជួសជុលម៉ាស៉ីនត្រជាក់ ដែលមានទីតាំងជាប់ពីក្រោយឃ្លាំងលក់រថយន្តលេខ 9A បានបង្កជាអគ្គីភ័យឆាបឆេះ​ ។ ភ្លាមៗនោះ​ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច មូល ដ្ឋាន​ និងហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ដើម្បីបង្ការមិនឱ្យរាលដាលឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋ។ 

លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យប៉ូលិស បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះរាជធានីភ្នំពេញបានឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងប៉ូលិស បានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេលាម៉ោង៦និង៤០ នាទីយប់​ ទេីបអគ្គិភ័យរលត់ទៅវិញ​ទាំងស្រុង ។ 

លោកនាយការិយាល័យបានបញ្ជាក់បន្តថា ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យនេះរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុ ចំនួន២៧គ្រឿង ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ចំនួន២៤គ្រឿង ទេីបអាចគ្រប់គ្រង់បានជាស្ថាពរ ។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុនៃការឆាបឆេះនេះ​ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ និងទំហំនៃការខូចខាតឆេះរថយន្តចំនួន ១គ្រឿង ,គ្រឿងម៉ាស៊ីនត្រជាក់អស់មួយចំនួន ប៉ុន្តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ​ និងមិនមានអ្នករងរបួស ឬ ក៏ស្លាប់នោះទេ៕

adverise with khmeread
tiger
Loading ad ...