ហៅគុយទាវរុញរទេះលក់តាមផ្លូវបែរជាមានទំនាស់ប្រើដាវសាម៉ូរ៉ៃកាប់ដាច់ម្រាមដៃ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅចាប់ខ្លួននាថ្ងៃទី១៥កញ្ញាឆ្នាំ២០១៩​ បន្ទាប់ពីបានធ្វេីសកម្មភាព ប្រើដាវកាប់បណ្តាលឱ្យដាច់កូនដៃឆ្វេង នៅមុខស្ថានីយ៍ប្រេងឥន្ធនៈLHR ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅថ្ងៃទី១១កញ្ញាឆ្នាំ២០១៩ ម៉ោង៩និង៣០នាទីយប់កន្លងទៅ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះស៊ឹម វល័ក្ខណ៍ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ ចាក់សាំង ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ចំណែកជនសង្ស័យឈ្មោះម៉ូវ រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា​ កាលពីថ្ងៃទី១១កញ្ញាឆ្នាំ២០១៩ ម៉ោង៩និង៣០នាទីយប់ ជនរងគ្រោះដែលជាកម្មករចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈ LHR (ចំណុចកើតហេតុ) បានស្រែកឮៗហៅអ្នកលក់គុយទាវតាមផ្លូវមកហូប ។ ពេលនោះមានជនសង្ស័យ២នាក់ ឈ្មោះ ម៉ូវ រតនា (អ្នកបើកម៉ូតូ) និងឈ្មោះទុល ពុធបញ្ញា ជិះម៉ូតូមកដល់ទីនេះដែរ ក៏ឈប់ម៉ូតូរួចសួរជនរងគ្រោះថា «ឯងស្រែកឮៗដាក់អាណាគេ?»។

 ជនរងគ្រោះឆ្លើយថា«អញស្រែកហៅគុយទាវហូបទេ! »ហើយក៏ទាស់ពាក្យសម្តីគ្នា រួចជនសង្ស័យក៏ជិះម៉ូតូទៅយកដាវមកកាប់ជនរងគ្រោះដាច់កូនដៃឆ្វេង០១ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិនាំទៅព្យាបាលនៅគ្លីនិចឯកជន រួចមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា។ 

លុះដល់ថ្ងៃទី១៥កញ្ញាឆ្នាំ២០១៩ ម៉ោង១០ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះម៉ូវ រតនា បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការតាមច្បាប់និងបន្តស្រាវជ្រាវចាប់បក្ខពួកម្នាក់ទៀត​ ៕

adverise with khmeread
tiger
Loading ad ...