ភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសបែកក្បាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈពេលដែលយុវជន៣នាក់ជិះម៉ូតូបុកម៉ូតូពីក្រោយពេញទំហឹងដែលហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខ អ៊ិច.ធូ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ភាគីម៉ូតូរងគ្រោះម៉ាកហង់ដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FM.9860 ជិះឌុបគ្នា៣នាក់ ប្រុសស្រី២នាក់រងរបួសស្រាល និងស្ត្រីម្នាក់ទៀតដែលជិះពីក្រោយរងរបួសធ្ងន់។
ចំណែកភាគីម៉ូតូបង្កម៉ាក ZOOMER.X ពណ៌ខ្មៅឆ្នួតស ពាក់ស្លាកលេខភ្នំពេញ 1FQ.3670 បើកដោយយុវជន៣នាក់ជិះឌុបគ្នា ដោយគ្មានអ្នករងរបួសនោះទេ។
បើតាមសម្ដីបុរសរងគ្រោះរងរបួសបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរូបគាត់ជិះម៉ូតូឌុបមនុស្សស្រី២នាក់ ទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវ ២១៤ ក្នុងល្បឿនល្មម។
ខណៈមកដល់ចំណុចខាងលើក៏បើកស៊ីញ៉ូបត់ឆ្វេងបម្រុងចូល អ៊ិច.ធូ ភ្លាមនោះស្រាប់តែយុវជន៣នាក់ជិះម៉ូតូបង្កឌុបគ្នា មកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុកពីក្រោយពេញទំហឹងតែម្ដងបណ្ដាលឲ្យស្ត្រីម្នាក់អង្គុយពីក្រោយដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ និងប្រុសស្រី២នាក់រងរបួសស្រាល។
ក្រោយពេលកើតហេតុស្ត្រីជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ។ ចំណែកឯម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសដូនពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ យ៉ាងណាក៏ដោយប៉ូលិសនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ៕
