ប្រទះឃើញសពមនុស្សម្នាក់សល់តែគ្រោងឆ្អឹង,បានស្លាប់តាំងពីខែមិថុនាមកម្ល៉េះ

កណ្ដាល​ ៖​ សពមនុស្សម្នាក់ត្រូវបានគេប្រទះឃេីញសល់តែគ្រោងឆ្អឹង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹកនៅក្នុងព្រៃមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា សាកសពឈ្មោះ អ៊ូច ឆាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងព្រៃ ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត ។​ ដំបូងបុគ្គលិកផ្នែកស្ថាបនាផ្លូវជាតិលេខ៥ បានចុះកាន់បង្គោលវាស់នីវ៉ូធ្វើផ្លូវ ខណៈចុះទៅវាស់ក្នុងព្រៃមេទឹកក្បែរផ្លូវជាតិលេខ៥ ស្រាប់តែបានប្រទះឃើញសាកសពមនុស្សនៅក្នុងទឹកមានសភាពរលួយទ្រោមសល់តែគ្រោងឆ្អឹង ។ ភ្លាមនោះក៏រាយការណ៍ជូនប៉ូលិសប៉ុស្ដិ៍រដ្ឋបាលកំពង់លួង ដើម្បីធ្វើការពិនិត្យ ។ 

បន្ទាប់ពីកម្លាំងប៉ូលិសប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះចុះទៅកន្លែងកើតហេតុ រួចរាយការណ៍បន្ដទៅកម្លាំងប៉ូលិសជំនាញស្រុក ដោយសហការជាមួយកម្លាំងប៉ូលិសជំនាញបច្ចេកទេសខេត្ដ ដោយមានការចូលរួមលោកគ្រូពេទ្យជំនាញស្រុក រួចធ្វើការពិនិត្យឃើញថា សាកសពជនរងគ្រោះ មានសភាពទ្រោមសល់តែគ្រោងឆ្អឹង ហើយយកឆ្អឹងមកពិនិត្យមើល មិនមានស្លាកស្នាមអ្វីលើឆ្អឹងគួរអោយកត់សំគាល់ឡើយ សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹក ។

បុរសចំណាស់ម្នាក់ឈ្មោះ ឆឹម សារុន ភេទប្រុស អាយុ៧៦ឆ្នាំ មានទីលំនៅភូមិពោធិ៍តូច ឃុំ កំពង់លួង ស្រុកពញាឮ ដែលត្រូវជាពូជនរងគ្រោះបានឱ្យដឹងថា នៅមុនកើតហេតុថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ វី ពណ៌ខ្មៅ របស់ខ្លួនចេញពីស្រុកកំណើតឯខេត្តកំពត មកលេងផ្ទះគាត់(ជាពូ) ។ ពេលនោះ ជនរងគ្រោះមានស្លៀកខោពីរជាន់ ខោក្នុងខ្លី ពណ៌ក្រហម និងខោក្រៅខ្លីប៉ារ៉ាត្រឹមជង្គង់ មានពាក់នាឡិកាដៃ និងមានចងខ្សែអំបោះក្រហមនៅកដៃខាងឆ្វេង ដោយជនរងគ្រោះជាក្មួយរបស់គាត់មានសតិមិនគ្រប់ទេ។ 

 លុះដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ស្រាប់តែបាត់ជនរងគ្រោះចេញពីផ្ទះគាត់ដោយពុំដឹងទៅទីណានោះទេ ហើយរូបគាត់និងបងប្អូននាំគ្នាដើររកដែរ ប៉ុន្តែរកមិនឃើញ ដោយឮគេនិយាយថា ឃើញជនរងគ្រោះដើរចូលក្នុងព្រៃប្រឡាយមេទឹក តាមបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ លុះមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក ក៏ទទួលបានករណីនេះម្ដង ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab