អ៊ីរ៉ង់ចាប់នាវាមួយគ្រឿងទៀតនៅច្រកសមុទ្រ Hormuz ចំពេលកំពុងមានភាពតានតឹងជុំវិញការវាយប្រហាររោងចក្រប្រេងអារ៉ាប៊ីសាអូឌីត

អ៊ីរ៉ង់បានរឹបអូសយកនាវាមួយទៀតនៅជិតច្រកសមុទ្រ Hormuz ពីបទប៉ុនប៉ងរត់ពន្ធប្រេងម៉ាស៊ូត ២៥០.០០០ លីត្រចូលទៅក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៦កញ្ញា។

នាវាដឹកប្រេងនេះត្រូវបានស្ទាក់ចាប់ដោយកងល្បាតជើងទឹកនៃកងឆ្មាំបដិវត្តអ៊ីស្លាមនៅជិតកោះ Greater Tunb នៅក្នុងឈូងសមុទ្រពែក្សកាលពីថ្ងៃចន្ទ។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ ISNA បានរាយការណ៍ថា នាវិក ១១ នាក់ត្រូវបានប្រគល់ឱ្យទៅ "អាជ្ញាធរច្បាប់" នៅក្នុងខេត្ត Hormozgan។

ឧត្តមសេនីយ៍ឯក Ali Ozmayi បាននិយាយថា "នាវានេះកំពុងបើកពី Bandar Lengeh ឆ្ពោះទៅដែនទឹកនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត មុនពេលវាត្រូវបានរឹបអូសយកនៅចម្ងាយ ៣២ គីឡូម៉ែត្រនៅភាគខាងកើតកោះ Greater Tunb។ សមាជិកនាវិកទាំង ១១ នាក់របស់នាវាត្រូវបានចាប់ខ្លួន"។

ដំណឹងនេះកើតឡើងគាប់ជួនគ្នាជាមួយនឹងការកើនឡើងភាពតានតឹងជាអន្តរជាតិ បន្ទាប់ពីមានការវាយប្រហារកាលពីចុងសប្តាហ៍ទៅលើរោងចក្រផលិតកែច្នៃប្រេងដ៏ធំបំផុតលើពិភពលោកនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសសត្រូវយូរយារណាស់មកហើយរបស់អ៊ីរ៉ង់។

ដ្រូនចំនួន ១០ បញ្ជាដោយពួកឧទ្ទាមហ៊ូធីនៅមេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានបង្កអគ្គីភ័យដ៏ធំនៅរោងចក្រផលិតកែច្នៃប្រេងធំបំផុតរបស់ពិភពលោក និង វាលប្រេងកាតមួយនៅអារ៉ាប៊ីសាអូឌីតកាលពីព្រឹកថ្ងៃសៅរ៍។ 

គួររំលឹកថា អ៊ីរ៉ង់កាលពីថ្ងៃទី ៧ កញ្ញាកន្លងទៅ បានចាប់នាវាដឹកប្រេងមួយសង្ស័យរត់ពន្ធប្រេងខុសច្បាប់នៅចក្រសមុទ្រ Hormuz និង ឃុំខ្លួននាវិកហ្វីលីពីន ១២ នាក់៕

adverise with khmeread
tiger
Loading ad ...