ភ្នំពេញ ៖ បុរសស្រវឹងស្រាម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលបើកកាត់ពីមុខបណ្ដាលឲ្យដួលផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់ដោយខ្លួនឯង ហើយភាគីខាងម៉ូតូត្រូវគេបុកជិះគេចខ្លួនបាត់តែម្តង។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះសុរាម្រឹត កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សាក្សីដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគឺបុរសរងគ្រោះម្នាក់ជិះម៉ូតូម៉ាកវីវ៉ាសួរហ្គួន ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1J.3553 ដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរទិសដៅពីត្បួងទៅជើង តាមបណ្ដោយផ្លូវសុធារសក្នុងល្បឿនលឿន។
ខណៈមកដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកែងមិនបន្ថយល្បឿននោះ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ដែលជិះឌុបគ្នាពីនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុរាម្រឹត ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មមនោះ ក៏បុកចំពីចហៀងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូបង្ករងរបួសធ្ងន់ដោយខ្លួនឯង។
ចំណែកឯភាគីខាងម៉ូតូរងគ្រោះបានបន្តជិះទៅបាត់តែម្ដង ដោយទំនងមិនចង់មានរឿងវែងឆ្ងាយ ព្រោះថាខ្លួនមិនមានរបួសនិងមិនខូចខាតម៉ូតូផងដែរ។
ក្រោយពេលកើតហេតុ បុរសដែលជិះម៉ូតូបង្កនិងរងរបួសធ្ងន់ដោយខ្លួនឯងមិនទាន់ស្គាល់ឈ្មោះនោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ។ ចំណែកឯម៉ូតូបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចតុមុខរងចាំម្ចាស់មកទទួលយកទៅវិញ៕
