ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញមុខបកស្រាយរឿងដែលកើតឡើងនៅព្រលានយន្តហោះ

ភ្នំពេញ-ក្រោយពីមានរឿងរ៉ាវប៉ះសម្តីគ្នា រវាងបុរសមួយក្រុម ថតសកម្មភាពក្រុម លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលដឹកនាំសិល្បៈទៅសម្តែងច្រៀងរាំ នៅប្រទេសកូរ៉េ ពេលនេះ លោក ឧកញ៉ា វ័យក្មេងបានចេញមុខបកស្រាយជុំវិញករណីរឿងចម្រូងចម្រាស ដែលថតពីព្រលានយន្តហោះម៉ាឡេស៊ី រហូត ប៉ះសម្តីគ្នានៅព្រលានយន្តហោះប្រទេសកូរ៉េ ថែមទៀតផង។ 

លោកបានសរសេរជាសាធារណៈថា"រឿងពិតកើតឡើងនៅកូរ៉េ នៅប្រលានអ៊ីនឆន ប្រទេសកូរ៉េទេ ដែលជាការព្យាយាមថតលើកទី2របស់បងប្អូន បន្ទាប់ពីថតជេប្រមាថនៅម៉ាឡេស៊ីហើយ  ម៉្យាងទៀតដោយសារទីនោះយើងកំពុងឈរនៅកន្លែងអន្តោប្រវេស គឺកន្លែងដែលហាមឃាត់ការថតគ្រប់រូបភាព ។  បើនិយាយពីច្បាប់នៅកូរ៉េ ថតគេគ្មានការអនុញាតិអាចមានទោសដល់ជាប់គុក ហើយជាប់black list ជាពិសេសកន្លែងអន្តោប្រវេសទៀត ក្រុមសិល្បៈព្យាយាមសម្រមសម្រួល អោយបញ្ចប់តែក្រុមបងប្អូនកាន់តែទាញកាមេរាថតច្រើនឡើង ព្រោះកាថតនេះមិនមែនថតរិះគន់ធម្មតាទេ ជាកាថតតិះដៀលប្រមាថ"។

បន្ថែមពីការបង្ហោះ ក្នុងកិច្ចសម្ភាសន៍បន្ថែមពីលើការបង្ហោះ លោកហេង ឡុង ដែលស្ថិតក្នុងហេតុការណ៍នោះ បញ្ជាក់បន្ថែមថា ក្នុងរូបភាពដែលក្រុមឆ្មក់ថតវីដេអូបានបង្ហោះកាត់តនោះ មិនមែនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ហក់ទៅវ៉ៃតប់ជាមួយអ្នកថត ដូចការចោទប្រកាន់នោះទេ គឺលោកឧកញ៉ា គ្រាន់តែខឹងរឿងបុរសនោះ គ្រាន់តែនិយាយចចារគ្នាសោះ ក៏ថតវីដេអូ ទើបលោកឧកញ៉ា ស្ទុះទៅបម្រុងចាប់ឃាត់កាមេរ៉ាទូរស័ព្ទកុំអោយបន្តថត តែដោយតែលោកខ្លាចមានរឿង ហើយចាប់ដៃកុំអោយលូកទៅ ទើបមើលទៅដូចចង់ហក់វ៉ៃ ក្រោយពេលអ្នកបង្ហោះ ក៏ព្យាយាមកាត់តប្លង់នោះដដែលៗ ដើម្បីចោទប្រកាន់។ លោកហេង ឡុង បន្តថា មិនមែនត្រឹមតែលោកឧកញ៉ានោះទេ សូម្បីតែលោកក៏ទទួលយកមិនបាននោះដែរ នៅពេលឮអ្នកថតរូបរបស់ក្រុមខ្លួនយកទៅបង្ហោះ បំប៉ោងស្ថានការណ៍ហើយស្រាប់តែពេលចរចារអោយលុបវីដេអូនោះចោល ប្រកាសមិនព្រមលុប និងបន្តថតវីដេអូបន្ថែមទៀត ដើម្បីបំប៉ោងហេតុការណ៍អោយកាន់តែមើលទៅធ្ងន់ធ្ងរ។  

លោកទទួលស្គាល់ចំពោះកំហុសរបស់ក្រុមអ្នករួមដំណើរដែលសាងកំហុសឆ្គង នៅព្រលានយន្តហោះ នៅក្នុងប្រទេសម៉ាឡេសុី ប៉ុន្តែអ្វីដែលលោកទទួលយកមិនបាន គឺក្រុមអ្នករិះគន់ថតបង្ហោះ ដោយមិនបានមកស្នើអោយក្រុមរបស់លោកដែលមានកំហុសដោយអចេតនាបញ្ឈប់សកម្មភាពជាមុនសូម្បីបន្តិច  ហើយស្រាប់តែថតវីដេអូយកទៅបង្ហោះ ដោយប្រើពាក្យដៀលប្រមាថជាតិខ្មែរ និងអ្នកសិល្បៈមួយប្រទេស ដែលលោកយល់ថា នោះគឺជាការបំប៉ោងស្ថានការណ៍ និងធ្វើអោយគេមើលងាយជាតិខ្មែរពេញពិភពលោក ខណៈដែលហេតុការណ៍នោះ បើក្រុមអ្មកទើសមកប្រាប់តែបន្តិច គឺនឹងមិនមានអ្វីកើតឡើង។ ម្យ៉ាងសំលេងភ្លេង និងការរាំលេងនៅក្នុងពេលនោះ ក៏នៅឆ្ងាយពីកន្លែងគេអង្គុយ និងមិនបានបើកសំលេងឮៗ បង្កការប៉ះពាល់ នៅកន្លែងរង់ចាំនោះដែរ។ លោកបន្តថា បើមានអ្នកដំណើរ ឬ អ្នកបម្រើការនៅក្នុងព្រលាននៅម៉ាឡេស៊ីណាម្នាក់ មកប្រាប់ ឬមកហាម ហើយពួកលោកមិនឈប់ លោកថា វាសមខ្លាំងណាស់ក្នុងការបង្ហោះ ប៉ុន្តែបរិយាកាសគឺមិនមានតែម្ដង ទើបក្រុមលោកពិបាកទទួលយកនៅពេលឃើញវីដេអូបង្ហោះឡើង អមដោយការប្រមាថ។

លោកថា គ្រប់យ៉ាងបើជាខ្មែរដូចគ្នា គឺគ្រាន់តែមកប្រាប់ ឬ គ្រាន់តែសម្រួលគ្នា ដោយលុបវីដេអូ ហើយក្រុមលោកទទួលកំហុសរឿងរាំលេងនោះ វាចប់បាត់ហើយ ប៉ុន្តែមកពីក្រុមនោះចង់បង្ក និងចង់បំប៉ោងស្ថានការណ៍អោយធ្ងន់ ទើបមើលទៅកាន់តែអាក្រក់។ លោកនៅតែអះអាងថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា មិនមែនចង់ប្រើហិង្សាដូចការកាត់ត និងបង្ខូចឈ្មោះក្នុងវីដេអូទេ ប៉ុន្តែមកពីលោកចាប់ដៃស្របពេលលោកឧកញ៉ាហក់ទៅចាប់កាមេរ៉ា ហើយក្រុមនោះកាត់តដដែលៗ ទើបមើលទៅដូចជាសកម្មភាពចង់ប្រើហិង្សា ការពិតមិនមែនទេ។ យ៉ាងណាមិញលោកថា សម្រាប់លទ្ធផលពាក្យបណ្ដឹងដែលបានដាក់បណ្ដឹង លោកសុំមិនទាន់បកស្រាយទេ ដោយទុកអោយមេធាវីបន្តនិតិវិធី៕

adverise with khmeread
tiger
Loading ad ...