Lukaku ទៀត! ពិធីករបាល់ទាត់ម្នាក់ត្រូវម្ចាស់កម្មវិធីបណ្តេញក្បាលចោលភ្លាមៗខណៈកំពុងផ្សាយផ្ទាល់ ខណៈនិយាយរើសអើងជាតិសាសន៍

ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុម Inter Milan បានក្លាយជាគោលដៅនៃការរើសអើងជាតិសាសន៍នៅក្នុងប្រទេសអ៊ីតាលីសាជាថ្មីម្តងទៀត ប៉ុន្តែម្តងនេះគឺស្ថិតនៅលើកញ្ចក់ទូរទស្សន៍ ខណៈដែលអ្នកអធិប្បាយមួយរូបត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីប្រើពាក្យសម្តីបំពានដ៏ធ្ងន់ធ្ងរគួរឱ្យភ្ញាក់ផ្អើលអំពីកីឡាករអន្តរជាតិបែលហ្ស៉ិករូបនេះនៅលើកម្មវិធីផ្សាយផ្ទាល់។

លោក Luciano Passirani កំពុងពិភាក្សានៅក្នុងកម្មវិធី Top Calcio 24 អំពីខ្សែប្រយុទ្ធ Inter រូបនេះ ពេលដែលគាត់បានបញ្ចេញមតិថា "Lukaku គឺជាកីឡាករដ៏ខ្លាំងសម្បើមមួយរូប ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់ ដោយសារតែកម្លាំងរបស់គាត់ គាត់គឺជាមិត្តសម្លាញ់របស់ Duvan Zapata នៅឯក្លឹប Atalanta"។ 

គាត់បន្ថែមថា "ពួកគេមានអ្វីច្រើនជាងអ្នកដទៃ គ្មានអីផ្សេងពាក់ព័ន្ធទេ។ ពួកគេរកគ្រាប់បាល់ ហើយអូសក្រុមរបស់អ្នកទៅមុខ។ ប្រសិនបើអ្នកនៅទល់មុខមួយទល់នឹងមួយជាមួយគាត់ គាត់នឹងសម្លាប់អ្នក។ មិនថាអ្នកឱ្យចេកគាត់ស៊ី ១០ផ្លែ ឬ..."។ 

រឿងនេះបានជំរុញឱ្យប្រធានកម្មវិធីលោក Fabio Ravezzani និយាយថាលោក Passirani មិនអាចចូលរួមក្នុងការចាក់ផ្សាយរបស់យើងបានទៀតទេទោះបីគាត់ "ជាអ្នកសុំទោសមុនគេក៏ដោយ"។

Lukaku ដែលត្រូវបានចុះកុងត្រាពីក្រុម Manchester United នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះបានស៊ុតបញ្ចូលទី ២គ្រាប់រួចទៅហើយក្នុងការប្រកួត ៣ លើកសម្រាប់ Inter Milan។

ប៉ុន្តែការចាប់ផ្តើមដំបូងនៃភាពជោគជ័យរបស់គាត់ត្រូវបានជួបនូវរឿងស៊យៗបែបនេះ ដោយប្រិយមិត្តរបស់ក្រុម Cagliari ស្រែកត្រាប់តាមសំឡេងស្វានៅក្នុងខែកញ្ញានេះ។ Lukaku បានបញ្ចេញអារម្មណ៍របស់ខ្លួនភ្លាមៗផងដែរនៅលើបណ្តាញសង្គម ហើយគាត់ក៏មិនមែនជាកីឡាករតែម្នាក់នោះទេដែលទទួលរងការរើសអើងបែបនេះ ខណៈកីឡាករស្បែកខ្មៅល្បីៗនៅអឺរ៉ុបដូចជា Rashford និង Sterling ជាដើមក៏ទទួលរងនូវការរើសអើងបែបនេះផងដែរ៕


 

-->
adverise with khmeread