តើអ្វីទៅដែលញែកដាច់រវាងអ្នកមាន និងអ្នកក្រ? តើចំពោះអ្នកមានផុតលេខយ៉ាងម៉េចវិញទៅ? ពាក្យថាអ្នកមានផុតលេខ មានន័យថា មនុស្សដែលអាចកៀរគរទ្រព្យសម្បត្តិក្នុងកម្រិតមួយ ដែលមនុស្សសាមញ្ញភាគច្រើនមិនអាចធ្វើបានដូចនោះទេ។
ប្រសិនបើគ្មានផ្នត់គំនិត និងជំនឿជាក់លាក់ ដែលកំណត់ឡើងដើម្បីបង្កើតទ្រព្យសម្បត្តិទេនោះ លោកអ្នកក៏នឹងមិនអាចបង្កើតទ្រព្យសម្បត្តិបាននោះដែរ។ ផ្នត់គំនិតគឺជាមូលដ្ឋានគ្រឹះ ដែលញែកដាច់រវាងអ្នកមានចេញពីមនុស្សធម្មតាឯទៃទៀត។ មូលដ្ឋានគ្រឹះដែលចាប់ផ្តើមក្នុងចិត្តគឺតែងតែជាជំហានដំបូងជានិច្ចដើម្បីពូនផ្តុំទ្រព្យសម្បត្តិដ៏ច្រើន។
និយាយនេះមិនមែននិយាយថា ប្រសិនបើអ្នកគ្រាន់តែអភិវឌ្ឍផ្នត់គំនិតទាំងនេះ អ្នកនឹងក្លាយជាមហាសេដ្ឋី ឬកៀរគរទ្រព្យសម្បត្តិដ៏ច្រើននោះទេ ព្រោះអ្នកក៏ត្រូវធ្វើសកម្មភាពគួបផ្សំដែរដើម្បីឱ្យរឿងនេះកើតឡើង។ ចំពោះសកម្មភាពអំណោយផលដើម្បីឱ្យទ្រព្យសម្បត្តិកើតឡើងបាន គេត្រូវមានមូលដ្ឋានគ្រឹះរឹងមាំនៅនឹងកន្លែងស្រាប់ ដែលវាចាប់ផ្តើមចេញពីផ្នត់គំនិតពីដំបូងបង្អស់។
ខាងក្រោមនេះគឺជាផ្នត់គំនិតអំពីទ្រព្យសម្បត្តិ ដែលមហាសេដ្ឋីទាំងសុទ្ធតែមានដូចគ្នា៖
១- មិនចាត់ទុកបរាជ័យជាបរាជ័យ
មហាសេដ្ឋី និងអ្នកមានមិនចាត់ទុកបរាជ័យជាបរាជ័យ ហើយថាអ្វីៗគ្រប់យ៉ាងគឺចប់អស់ហើយនោះទេ។ ផ្ទុយមកវិញ ពួកគេបានត្រឹមតែមើលឃើញបរាជ័យជាឧបសគ្គរារាំងមួយចំពោះភាពជោគជ័យ និងជាឱកាសមួយដើម្បីរៀនសូត្រពីវាប៉ុណ្ណោះ។ មហាសេដ្ឋីទាំងអស់ធ្លាប់បរាជ័យរាប់មិនអស់ក្នុងការស្វែងរកទ្រព្យសម្បត្តិមហាសាលរបស់ខ្លួន ប៉ុន្តែពួកគេចាត់ទុកបរាជ័យជាឱកាសរៀនសូត្រមួយដើម្បីជួយពួកគេឱ្យសម្រេចក្តីសុបិន និងគោលដៅរបស់ពួកគេ។ លោកហង់រី ហ្វត (Henry Ford) បាននិយាយសង្ខេបយ៉ាងខ្លីថា "បរាជ័យគឺគ្រាន់តែជាកន្លែងសម្រាកមួយប៉ុណ្ណោះ។ វាជាឱកាសដើម្បីចាប់ផ្តើមម្តងទៀតឱ្យកាន់តែឆ្លាតវៃជាងមុន"។
២- មិនចេះចុះចាញ់
រាល់សេដ្ឋីទាំងអស់មានភាពអំណត់តស៊ូមិនគួរឱ្យជឿ រហូតដល់ចំណុចមួយញៀននឹងការតស៊ូសឹងដកចិត្តមិនរួចទៀតផង។ ប៉ុន្តែផ្នត់គំនិតនេះហើយដែលជួយពួកគេឱ្យទៅដល់កន្លែងដែលពួកគេចង់ទៅ។ ពួកគេប្តេជ្ញាចិត្តសម្រេចទស្សនៈវិស័យ និងគោលដៅរបស់ខ្លួនឱ្យបាន ហើយនឹងមិនចុះចាញ់នោះទេ ដរាបណាពួកគេអាចសម្រេចបានជោគជ័យ។ លោកស្ទីវ ចបបាននិយាយទាក់ទងនឹងការតស៊ូយ៉ាងដូច្នេះថា "ខ្ញុំជឿថា ពាក់កណ្តាលនៃអ្វីដែលញែកដាច់សហគ្រិនជោគជ័យចេញពីមនុស្សមិនជោគជ័យ គឺការតស៊ូដ៏បរិសុទ្ធអស់ពីចិត្ត"។
៣- ហ៊ានសុបិនធំ
ប្រសិនបើអ្នកមិនកំណត់ក្តីសុបិនខ្លួនឯងឱ្យធំនោះទេ អ្នកនឹងមិនអាចសម្រេចក្តីសុបិនដូចបំណងឡើយ។ ប្រសិនបើអ្នកចង់ក្លាយជាមហាសេដ្ឋីអ្នកត្រូវតែកំណត់ទស្សនៈវិស័យខ្លួនឯងឱ្យខ្ពស់ ប្រឹងប្រែងឱ្យខ្លាំង និងមានភាពឆ្លាតវៃក្នុងការធ្វើឱ្យសុបិនរបស់ខ្លួនក្លាយជាការពិត។ លោកដូណាល់ ត្រាំ បាននិយាយថា "ខ្ញុំចូលចិត្តគិតធំ។ ប្រសិនបើអ្នកចង់គិតពីអ្វីមួយ អ្នកត្រូវតែគិតឱ្យធំ"។
៤- បណ្តុះគំនិតស្រឡាញ់ទ្រព្យសម្បត្តិ
នរណាក៏ដោយដែលមានទ្រព្យសម្បត្តិគឺសុទ្ធតែបានបណ្តុះផ្នត់គំនិតឱ្យចេះស្រឡាញ់លុយ។ ពួកគេជឿថា ការដែលមានទ្រព្យសម្បត្តិគឺជារឿងដ៏ប្រពៃ។ ពួកគេមានផាសុកភាពជាមួយលុយ។ ពួកគេមានផាសុកភាពក្នុងការចាយវាយវា។ និយាយជារួម ពួកគេស្រឡាញ់លុយ។ ប្រសិនបើអ្នកមិនអភិវឌ្ឍផ្នត់គំនិតខ្លួនឯងឱ្យចេះស្រឡាញ់លុយ អ្នកនឹងមិនអាចពូនផ្តុំវាឱ្យគរដូចភ្នំបានទេ។
៥- បង្កើតជោគវាសនាដោយខ្លួនឯង
ពួកមហាសេដ្ឋីជឿថាពួកគេអាចបង្កើតអនាគតរបស់ខ្លួនបាន ដោយប្រើប្រាស់ការបញ្ចូលគ្នារវាងគំនិត និងសកម្មភាពទ្រង់ទ្រាយធំ។ នេះគឺជាភាពខុសគ្នាដ៏ធំមួយចំពោះពលរដ្ឋធម្មតា ដែលត្រេតត្រតពេញមួយជីវិតជាមួយនឹងជំនឿថា ជីវិតមនុស្សម្នាក់ៗសុទ្ធតែទេវតាកំណត់ជោគវាសនារួចទៅហើយៗគិតថាពួកគេគួរតែទទួលយក "នូវអ្វីដែលមានក្នុងជីវិតគឺបានហើយ"។
៦- ចូលចិត្តបទពិសោធន៍បរាជ័យ
មិនថាទទួលបានជោគជ័យឬបរាជ័យនោះទេ គឺថាមហាសេដ្ឋីទាំងអស់សុទ្ធតែទទួលស្គាល់រាល់លទ្ធផលរបស់ខ្លួន។ សូម្បីនៅពេលពួកគេឆ្លងកាត់បរាជ័យ និងឧបសគ្គជាច្រើនក៏ដោយ ក៏ពួកគេនៅតែអាចទ្រាំទ្របាន ព្រោះពួកគេចូលចិត្តបទពិសោធន៍បែបនេះ។ ពួកគេចូលចិត្តវាដោយសារតែកត្តាចិត្តសាស្ត្រ។ វារំឭកទៅដល់ចិត្តគំនិតរបស់ពួកគេថា ពួកគេមានថាមពលដើម្បីប្រែក្លាយលទ្ធផលអវិជ្ជមានឱ្យទៅជាវិជ្ជមានវិញបាន។
៧- មិនខ្លាចការប្រថុយប្រថាន
មហាសេដ្ឋីទាំងអស់ប្រថុយប្រថានយកលុយធ្វើអ្វីមួយដើម្បីផលចំណេញ។ តើអ្នកហ៊ានទេ? ការប្រថុយប្រថាននេះមិនមែនមានន័យថាពួកគេមិនចេះប្រយ័ត្នប្រយែងជាមួយនឹងលុយរបស់ពួកគេនោះទេ ប៉ុន្តែពួកគេពុំមានផ្នត់គំនិតខ្លាចខាតបង់នោះទេ នៅពេលមើលឃើញឱកាសល្អៗនៅខាងមុខ។
៨- ជឿជាក់ថាមានទ្រព្យសម្បត្តិមហាសាលនៅគ្រប់ទីកន្លែង
ពួកគេជឿថាមានទ្រព្យសម្បត្តិមហាសាលនៅគ្រប់ទីកន្លែងក្នុងចក្រវាលនេះ។ ពួកគេជឿថា ទ្រព្យសម្បត្តិគឺមានគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា តែរឿងផ្ទុយស្រឡះទាំងស្រុងពីមនុស្សធម្មតា ដែលជឿថាលុយគឺពិបាកនឹងរកខ្លាំងណាស់។
៩- IQ និងការអប់រំគ្មានអ្វីអស្ចារ្យ
លុយមិនដែលខ្វល់អំពីលក្ខណៈសម្បត្តិនៃការអប់រំ សញ្ញាប័ត្រ ឬ IQ នោះទេ។ លុយរត់ទៅរកអ្នកដែលស្វែងរកឱកាស និងបង្កើតតម្លៃដល់មនុស្ស ហើយមហាសេដ្ឋីទាំងអស់ដឹង និងជឿថា នេះហើយគឺជារបៀបកៀរគរទ្រព្យសម្បត្តិ។ ពួកគេដឹងថា មានតែទីផ្សារប៉ុណ្ណោះដែលកំណត់ថាទ្រព្យសម្បត្តិទៅដល់កន្លែងណា ហើយប្រសិនបើអ្នកអាចចាប់យកឱកាសបង្កើតទីផ្សារបានហើយនោះ អ្នកនឹងអាចបង្កើតទ្រព្យសម្បត្តិបានជាមិនខាន។
១០- ពួកគេជឿថាទ្រព្យសម្បត្តិនឹងរត់រកពួកគេប្រសិនបើជួយអ្នកដទៃ
ប្រសិនបើអ្នកជួយមនុស្សបានគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាជាក់លាក់ណាមួយរបស់ពួកគេ ហើយអ្នកអាចធ្វើវាបានក្នុងទំហំធំល្មមនោះ អ្នកនឹងអាចបង្កើតទ្រព្យសម្បត្តិរឹតតែច្រើន។ ពួកមហាសេដ្ឋីដឹងនិងជឿថាប្រសិនបើពួកគេអាចជួយមនុស្សបានគ្រប់គ្រាន់ដើម្បីទទួលបាននូវអ្វីដែលពួកគេចង់បាន ពួកគេនឹងអាចបង្កើតបានទ្រព្យសម្បត្តិដ៏មហាសាលជាមិនខាន ដោយសារអ្នកទាំងនោះនឹងមានជីវិភាពធូរធារនិងប្រែក្លាយជាអតិថិជនរបស់ពួកគេវិញ។
អ្នកបានដឹងហើយឥឡូវនេះថាមហាសេដ្ឋីគឺជាប្រភេទមនុស្សពិសេសកម្រិតណា។ មហាសេដ្ឋីទាំងអស់លើពិភពលោកសុទ្ធតែមានផ្នត់គំនិតអំពីទ្រព្យសម្បត្តិខាងលើដូចគ្នាទាំងអស់ ដែលមនុស្សធម្មតាមិនមានដូចនោះទេ។ នៅពេលសម្របយកតាមផ្នត់គំនិតទាំងអស់នេះសូមកុំយល់ថាខ្លួនអ្នកនឹងក្លាយជាមហាសេដ្ឋីឱ្យសោះ។ វាគ្រាន់តែជាមូលដ្ឋានគ្រឹះមួយជួយឱ្យអ្នកចាប់ផ្តើមកៀរគរទ្រព្យសម្បត្តិប៉ុណ្ណោះ ហើយអ្នកនឹងមើលឃើញមានការផ្លាស់ប្តូរដ៏ធំមួយចេញពីការអនុវត្តតាមផ្នត់គំនិតទាំងនេះ។ ជាចុងក្រោយ អ្វីៗគឺអាស្រ័យលើលោកអ្នកប៉ុណ្ណោះថាតើចង់ផ្លាស់ប្តូរខ្លួនឯងដើម្បីចាប់យកឱកាសជោគជ័យឬក៏អត់៕
