បងប្អូនអភ័ព្វ! ៥ឆ្នាំមុនប្អូនស្រីត្រូវពលករភូមារំលោភសម្លាប់ក្នុងប្រទេសថៃ ថ្ងៃនេះបងស្រីស្លាប់ភ្លាមៗដោយសារជំងឺ ខណៈជិតចូលរោងការឆ្នាំនេះទៅហើយ

ក្រុមគ្រួសារនៃអ្នកទេសចរស្រីអាល្លឺម៉ង់ ដែលគេសម្លាប់ឈ្មោះ Hannah Witheridge បានទទួលរងនូវសោកនាដកម្មថ្មីមួយទៀតជាមួយនឹងការស្លាប់ភ្លាមៗរបស់បងស្រីរបស់នាង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី១៧កញ្ញា។

នាង Laura Daniels អាយុ ៣០ ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃចន្ទគឺ ៥ ឆ្នាំនិងមួយថ្ងៃ បន្ទាប់ពីប្អូនស្រីនាងឈ្មោះ Hannah Witheridge អាយុ ២៣ ឆ្នាំនិងអ្នករួមដំណើរជាមួយគឺលោក David Miller អាយុ ២៤ ឆ្នាំត្រូវគេសម្លាប់នៅលើឆ្នេរមួយក្នុងប្រទេសថៃ។

កាលពីខែមុន ពលករចំណាកស្រុកភូមាពីរនាក់ ដែលត្រូវបានកាត់ទោសពីបទឃាតកម្ម (រំលោភនិងសម្លាប់អ្នកទេសចរអាល្លឺម៉ង់) បានប្រឈមមុខនឹងការប្រហារជីវិត បន្ទាប់ពីបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសរបស់ពួកគេ ត្រូវបានច្រានចោល។

ឪពុកម្តាយរបស់នាង Witheridge គឺលោក Tony Witheridge និងលោកស្រី Susan Witheridge បានប្រកាសពីការស្លាប់របស់នាង Laura កាលពីថ្ងៃអង្គារ ដោយនិយាយថា ពួកគាត់មានការឈឺចាប់ "គ្មានអ្វីអាចពណ៌នាបាន"។

ឪពុកម្តាយនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងសូមប្រកាសថាកូនស្រីជាទីស្រឡាញ់ Laura របស់យើងបានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី១៦ កញ្ញា។ Laura បានធ្លាក់ខ្លួនឈឺជាទម្ងន់ និង ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ ពួកយើងខូចចិត្តណាស់។ ជីវិតពួកយើងខូចខ្ទេចខ្ទាំម្តងទៀតហើយ។ ការឈឺចាប់ពីការបាត់បង់នេះគឺគ្មានអ្វីអាចពណ៌នាបានទេ។ គ្រួសារពួកយើងត្រូវការពេលវេលានិងឯកជនភាពអំឡុងគ្រាដ៏ឈឺចាប់មិនអាចទ្រាំបាននេះ"។ 

នាង Daniels គ្រោងនឹងចូលរោងការនៅឆ្នាំនេះហើយ ប៉ុន្តែបែរជាស្លាប់ភ្លាមៗដោយសារជំងឺ ដែលគ្រួសារមិនបានលាតត្រដាងឱ្យដឹង៕ 

adverise with khmeread
tiger
Loading ad ...