Ronaldo តូចចិត្តមិនអាចជូនកូនដើរលេងតាមសួនកម្សាន្តដូចឪពុកដទៃ ធុញទ្រាន់ចំពោះភាពល្បីល្បាញរបស់ខ្លួន ហើយចង់បានឯកជនភាពត្រឡប់មកវិញ

Cristiano Ronaldo បានគាស់កកាយអំពីការលំបាករបស់គាត់ជាមួយឯកជនភាពនៅក្នុងបទសម្ភាសន៍គួរឱ្យចាប់អារម្មណ៍ជាមួយលោកភៀស ម័រហ្គាន ដោយនិយាយថាគាត់មិនអាចសូម្បីយកកូនៗរបស់គាត់ទៅលេងនៅសួនកម្សាន្ត។

កីឡាកររបស់ក្រុមសេះបង្កង់ Juventus វ័យ ៣៤ ឆ្នាំរូបនេះបានសារភាពថាគាត់ជួបការលំបាកជាមួយនឹងកិត្តិនាមល្បីល្បាញលើពិភពលោករបស់គាត់ ដោយបន្ថែមថា​ គាត់ចង់មាន "សេរីភាពឡើងវិញ" ហើយថា ការចាប់អារម្មណ៍ខ្លាំងមកលើគាត់ឥតឈប់ឈរ​ គឺ "គួរឱ្យធុញទ្រាន់ណាស់"។ Ronaldo បាននិយាយថា ពេលណាដែលគាត់ចេញក្រៅ គាត់ត្រូវបានចោមរោមដោយអ្នកគាំទ្រ ហើយវាធ្វើឱ្យក្រុមគ្រួសាររបស់គាត់មានការភ័យខ្លាច។

អ្នកទស្សនាបានកោតសរសើរ Ronaldo ចំពោះភាពស្មោះត្រង់ ការបើកចំហ និង ការដាក់ខ្លួនរបស់គាត់នៅក្នុងពេលសម្ភាស។ ត្រង់ចំណុចមួយ Ronaldo បានស្រក់ទឹកភ្នែក នៅពេលគាត់មើលឃ្លីបវីដេអូឪពុកគាត់កំពុងបង្ហាញមោទនភាពចំពោះគាត់នៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០០៤ គឺមិនយូរប៉ុន្មានទេ មុនពេលឪពុកគាត់ស្លាប់នៅឆ្នាំនោះ។

កីឡាករបាល់ទាត់ស៊ីប្រាក់ឈ្នួលជាង៦៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ ដែលមានអ្នកគាំទ្រតាមបណ្តាញសង្គម Instagram ច្រើនជាងគេបំផុតនៅលើពិភពលោកនិងមានទ្រព្យសម្បត្តិ ៦២៥ លានដុល្លាររូបនេះ ក៏បាននិយាយដែរថា មានមនុស្សតែ ៤ នាក់ប៉ុណ្ណោះនៅលើពិភពលោក ដែលគាត់ជឿទុកចិត្តទាំងស្រុង។

អំឡុងកិច្ចសម្ភាសន៍ លោក Piers សួរ Ronaldo ថា "តើធុញថប់ទេចំពោះការដែលខ្លួនឯងជា Ronaldo ?"។ តារាបាល់ទាត់រូបនេះឆ្លើយតបថា "ការដែលជាខ្លួនខ្ញុំ គឺពិតជាធុញទ្រាន់។ ក្រៅពីនេះគឺអ្វីៗអស្ចារ្យណាស់។ ការដែលល្បីល្បាញ គឺលេចលើទំព័រមុខកាសែតនិងទូរទស្សន៍រហូត។ ប៉ុន្តែបន្ទាប់ពី១៥ឆ្នាំ ចុងក្រោយខ្ញុំចង់បានឯកជនភាព"៕ 

adverise with khmeread
tiger
Loading ad ...