អារ៉ាប៊ីសាអូឌីតបង្ហាញ "ភស្តុតាង" បញ្ជាក់ថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហាររោងចក្រប្រេងធំបំផុតលើពិភពលោក

អារ៉ាប៊ីសាអូឌីតបានបង្ហាញនូវបំណែកនៃដ្រូននិងមីស៊ីលដែលខ្លួននិយាយថាត្រូវបានប្រើនៅក្នុងការវាយប្រហារលើរោងចក្រប្រេងរបស់ខ្លួនជាភស្តុតាង "មិនអាចប្រកែកបាន" ដែលថាអ៊ីរ៉ង់បានជាប់ពាក់ព័ន្ធ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី១៨កញ្ញា។

អ្នកនាំពាក្យក្រសួងការពារជាតិលោកវរសេនីយ៍ទោ Turki al-Malki បាននិយាយថា ដ្រូននិងមីស៊ីលសរុបចំនួន ២៥ រួមទាំងដ្រូនអ៊ីរ៉ង់ Delta Wing ត្រូវបានគេប្រើប្រាស់ក្នុងអំឡុងពេលវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Abqaiq និងតំបន់វាលប្រេងកាត Khurais។

លោកបាននិយាយថា មីស៊ីលចំនួន ៧ គ្រាប់ បាញ់មិនចំគោលដៅ ឬ មិនបានផ្ទុះឡើងឡើយ ជាមួយបំណែករបស់វាត្រូវបានប្រមូលពីវាលខ្សាច់។

លោកបានប្រាប់សន្និសីទកាសែតមួយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងពីភាគខាងជើងហើយឧបត្ថម្ភដោយអ៊ីរ៉ង់។

ទោះយ៉ាងណា លោកបាននិយាយថាអារ៉ាប់ប៊ីសាអូឌីតមិនទាន់រកឃើញទីតាំងបាញ់មីស៊ីលទាំងនោះទេ ប៉ុន្តែមានទំនុកចិត្តថាពួកគេនឹងរកឃើញវា៕

adverise with khmeread
tiger
Loading ad ...