ប្រវត្តិសាស្ត្រថ្មីក្នុងបាល់ទាត់អាចនឹងកើតឡើងក្នុងខែតុលា ខណៈប្រធាន FIFA ប្រាប់អ៊ីរ៉ង់អនុញ្ញាតឱ្យស្រីៗចូលមើលបាល់ទាត់ ចាប់ពីវគ្គជម្រុះ World Cup ជាមួយកម្ពុជានៅខែក្រោយតទៅ

ប្រធាន FIFA លោក Gianni Infantino មាននិយាយថា អ៊ីរ៉ង់ត្រូវតែចាប់ផ្តើមអនុញ្ញាតឱ្យស្ត្រីចូលកីឡដ្ឋានបាល់ទាត់។ នេះយោងតាមសារព័ត៌មាន BBC សរសេរកាលពីថ្ងៃព្រហស្បតិ៍ ទី១៩កញ្ញា។

ស្ត្រីអ៊ីរ៉ង់ត្រូវបានហាមឃាត់មិនឱ្យចូលកីឡដ្ឋាន នៅពេលដែលក្រុមបាល់ទាត់បុរសធ្វើការប្រកួត ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមក្នុងឆ្នាំ ១៩៧៩។

ប៉ុន្តែលោក Infantino សង្ឃឹមថានឹងមានការផ្លាស់ប្តូរនៅនឹងកន្លែងសម្រាប់ការប្រកួតជម្រុះ World Cup របស់ប្រទេសនេះជាមួយកម្ពុជានៅខែក្រោយ។

លោកបានមានប្រសាសន៍ថា "ជំហររបស់យើងគឺរឹងមាំនិងច្បាស់លាស់។ ស្ត្រីត្រូវតែទទួលបានការអនុញ្ញាតឱ្យចូលទៅក្នុងកីឡដ្ឋានបាល់ទាត់ក្នុងប្រទេសអ៊ីរ៉ង់។ ឥឡូវនេះគឺជាពេលដែលត្រូវផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ហើយ FIFA រំពឹងថានឹងមានការវិវឌ្ឍវិជ្ជមាន ដោយចាប់ផ្តើមពីការប្រកួតក្នុងផ្ទះរបស់អ៊ីរ៉ង់នាខែតុលាខាងមុខនេះ"។

អ្នកគាំទ្រកីឡាបាល់ទាត់នាង Sahar Khodayari បានស្លាប់ក្នុងខែកញ្ញានេះ នៅពេលនាងដុតសម្លាប់ខ្លួន ពេលរង់ចាំការកាត់ទោសពីបទព្យាយាមចូលមើលបាល់ទាត់។

ដោយមានរហស្សនាមថា "នារីខៀវ" ដែលសំដៅលើឈុតខៀវពាក់ដោយក្រុមសំណព្វរបស់នាងគឺ Esteghlal នៃទីក្រុង Tehran នាងត្រូវបានចាប់ខ្លួនកាលពីខែមីនាពីបទព្យាយាមចូលកីឡដ្ឋានដោយក្លែងខ្លួនជាបុរស។

អ្នកគាំទ្រស្រីមួយក្រុមត្រូវបានអនុញ្ញាតឱ្យចូលរួមមើលការប្រកួត Asian Champions League វគ្គផ្តាច់ព្រ័ត្រជើងទី ២ នៅទីក្រុង Tehran កាលពីខែវិច្ឆិកា ប៉ុន្តែកាលពីខែមិថុនាស្ត្រីត្រូវបានហាមឃាត់ពីការប្រកួតមិត្តភាពរបស់អ៊ីរ៉ង់ជាមួយស៊ីរីនៅឯកីឡដ្ឋាន Azadi ក្នុងរដ្ឋធានីអ៊ីរ៉ង់ ជាកន្លែងរៀបចំការប្រកួតជម្រុះ World Cup នៅថ្ងៃទី ១០ ខែតុលាជាមួយជម្រើសជាតិកម្ពុជា៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab