រុស្ស៊ីថា ខែលការពារអាកាស Patriots ដ៏ទំនើបរបស់អាមេរិកមិនអាចចាប់ស្ទាក់ដ្រូនតូចៗរាប់សិបគ្រឿងហោះព្រមគ្នាចូលទឹកដីអារ៉ាប៊ីសាអូឌីតដើម្បីវាយរោងចក្រប្រេង

រោងចក្រចម្រាញ់ប្រេង Saudi Aramco បានរងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់ដ្រូនរាប់សិបគ្រឿង ដែលការវាយប្រហារនោះត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន ដោយធ្វើឱ្យប៉ះពាល់ដល់ទិន្នផលប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតអស់រយៈពេលជាច្រើនថ្ងៃ។ 

បន្ទាប់ពីមានការវាយប្រហារនោះ ទីបញ្ជាការយោធាអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ាបានស្នើបញ្ជូនខែលការពារអាកាសបន្ថែមទៀតទៅអារ៉ាប៊ីសាអូឌីត បន្ទាប់ពីខែលដែលមានស្រាប់ មិនអាចរារាំងការវាយប្រហារដោយដ្រូននេះបាន។

ប្រភពជាន់ខ្ពស់មួយនៅក្នុងក្រសួងការពារជាតិរុស្ស៊ីបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnik ថា ប្រព័ន្ធការពារអាកាស Patriot ចំនួន ៨៨ ដែលដាក់ពង្រាយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មិនអាចទប់ស្កាត់ការវាយលុកទៅលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីតបានទេ ដោយអនុញ្ញាតឱ្យដ្រូនតូចៗនិងមីស៊ីលបញ្ជាទិសរាប់សិបគ្រឿងឆ្លងកាត់ខែលការពារនេះបានយ៉ាងងាយ។ ប្រភពនេះបានច្រានចោលលេស ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងដើម្បីពន្យល់អំពីបរាជ័យរបស់ប្រព័ន្ធ Patriot ដោយកត់សម្គាល់ថា តាមពិតទៅប្រព័ន្ធការពារដែនអាកាសរបស់អាមេរិកមានប្រសិទ្ធិភាពទាប។

ប្រភពក្រសួងការពារជាតិរុស្ស៊ីនេះបានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើបណ្តាញការពារដែនអាកាសបែបនេះបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារបែបនោះ អ៊ីចឹងមានន័យថា លក្ខណៈពិសេសរបស់ប្រព័ន្ធ Aegis និង Patriot មិនបានឆ្លុះបញ្ចាំងពីសមត្ថភាពជាក់ស្តែងរបស់ពួកវាទេ ព្រោះពួកវាគ្មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងដ្រូនតូចៗនិងមីស៊ីលបញ្ជាទិសបានទេ។ ប្រភពដដែលបានបន្ថែមទៀតថា ប្រព័ន្ធទាំងនេះគ្មានសមត្ថភាពក្នុងការទប់ទល់នឹងដ្រូននិងមីស៊ីលពីលើអាកាសយ៉ាងច្រើនសម្បើមបាននោះទេ។

ដោយឡែករដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយមិនលម្អៀងនិងហ្មត់ចត់ទៅលើការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង Saudi Aramco។ លោកបានព្រមានថាការចោទប្រកាន់ដោយគ្មានភស្តុតាងប្រឆាំងនឹងអ៊ីរ៉ង់នឹងបានត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងក្នុងតំបន់ប៉ុណ្ណោះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab