គាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិកម្មករញឹកញាប់, លើកនេះគេចមិនរួចពីខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួល បំណងចូលលួចទ្រព្យសម្បត្តិកម្មករ​ កម្មការិនី កាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

លោក ឯម ភារី នាយប៉ូលិសប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣បានឱ្យដឹងថា ជនសង្ស័យឈ្មោះ នី រ៉ាឌី ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរ និងទីកន្លែងស្លាក់នៅមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួនភ្លាមៗ ជាមួយនឹងភស្តុតាងតាមរយៈកាម៉េរ៉ាសុវត្ថិតភាព និងសេចក្តីរាយការណ៍របស់ពលរដ្ឋម្នាក់។ 

តាមការរៀបរាប់ពីម្ចាស់ផ្ទះជួលបានឱ្យដឹងថា មានកម្មករ​ កម្មការិនី ជួលបន្ទប់ស្នាក់នៅរបស់គាត់បានចាក់សោបន្ទប់ ទៅធ្វើការងារអស់ជាធម្មតា ហើយគាត់ក៏អង្គុយក្នុងផ្ទះមើលកាម៉េរ៉ាសុវត្ថិភាព ក៏ឃើញជនសង្ស័យកំពុងដើរឆ្កឹះសោបន្ទប់ជួលស្ទើរតែគ្រប់បន្ទប់។  ពេលនោះគាត់ក៏បានទូរស័ព្ទហៅសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍ និងចាប់បានភ្លាមៗតែម្តង។ 

ម្ចាស់ផ្ទះជួលបានបន្តទៀតថា នៅផ្ទះជួលរបស់គាត់មិនមែនទើបមានលើកទីមួយនោះទេ ករណីឆ្កឹះសោបន្ទប់នេះ គឺមានជាច្រើនលើកច្រើនសារមកហើយ និងធ្លាប់បាត់បង់ទ្រព្យសម្បត្តិជាច្រើនផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបាន ប៉ូលិសប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ បញ្ជូនទៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបន្ត ចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16