ក្រោយ Ronaldo ប្រកាសរកអ្នកធ្លាប់ឱ្យបឺហ្គ័រខ្លួនញ៉ាំកាលពីតូចដោយឥតគិតលុយ ឥឡូវមានម្នាក់ក្នុងចំណោមស្ត្រីបីនាក់ ដែលដាក់ទានឱ្យ Ronaldo បានបង្ហាញមុខ

ស្រ្តីម្នាក់មកពីប្រទេសព័រទុយហ្គាល់បានចូលខ្លួនមកអះអាងថាគាត់ជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីបីនាក់ ដែលបានជួយផ្តល់អាហារដល់ Cristiano Ronaldo ពីហាង McDonalds ពេលដែលគាត់នៅជាក្មេងម្នាក់ក្នុងប្រទេសព័រទុយហ្គាល់។

នៅក្នុងវីដេអូផ្តល់បទសម្ភាសន៍រយៈពេលវែងមួយជាមួយនឹងលោក Piers Morgan កាលពីយប់ថ្ងៃអង្គារ Ronaldo បានបង្ហើបឱ្យដឹងថា ស្រ្តីបីនាក់បម្រើការងារនៅក្នុងហាង McDonalds ធ្លាប់បានជួយគាត់ ពេលដែលគាត់ស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់ និងខ្សត់ខ្សោយខ្លាំង។

បច្ចុប្បន្នស្រ្តីម្នាក់ឈ្មោះ Paula Leca បានបង្ហាញខ្លួនជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីទាំងបី។ ដោយបញ្ជាក់ទៅកាន់ស្ថានីយ៍វិទ្យុព័រទុយហ្គាល់ Renascenca គាត់បាននិយាយថា "ពួកគេនឹងបង្ហាញខ្លួននៅមុខហាង ហើយមានបឺហ្គ័រនៅសល់ អ្នកគ្រប់គ្រងពួកយើងនឹងអនុញ្ញាតិឱ្យផ្តល់នំឱ្យទៅពួកគេ។ ក្មេងប្រុសម្នាក់ក្នុងចំណោមនោះគឺ Cristiano Ronaldo ដែលប្រហែលជាក្មេងមានភាពខ្មាស់អៀនខ្លាំងជាងគេក្នុងចំណោមពួកគេទាំងនោះ។ វាតែងតែកើតឡើងស្ទើររៀងរាល់យប់ថ្ងៃអាទិត្យ។ ខ្ញុំនៅតែអស់សំណើចអំពីរឿងនេះរហូតដល់បច្ចុប្បន្ន។ ខ្ញុំធ្លាប់ប្រាប់កូនប្រុសរបស់ខ្ញុំអំពីវា ប៉ុន្តែគាត់គិតថាវាគឺជាការភូតកុហក ដោយសារតែគាត់មិនអាចស្រមៃដល់ថាម្តាយរបស់គាត់ធ្លាប់ឱ្យបឺហ្គ័រទៅ Cristiano Ronaldo ចម្អែតក្រពះបាននោះទេ។ 

ប្តីរបស់ខ្ញុំបានដឹងអំពីវារួចមកហើយដែរ ដោយសារតែគាត់ពេលខ្លះមកទទួលខ្ញុំពីកន្លែងការងារនៅពេលយប់ ហើយក៏បានឃើញគាត់ដែរ។ ឥឡូវវាជារឿងដ៏សប្បាយដែលត្រឡប់ទៅរកអ្វីមួយដែលធ្លាប់បានកើតឡើងជាយូរមកហើយ។ វាបង្ហាញពីការបន្ទាបខ្លួនរបស់គាត់។ យ៉ាងហោចណាស់ឥឡូវនេះមនុស្សដឹងថា រឿងនេះមិនមែនជាការប្រឌិតទេ។ ប្រសិនបើគាត់អញ្ជើញខ្ញុំទៅញ៉ាំអាហារពេលល្ងាច ខ្ញុំប្រាកដជាទៅ។ រឿងដំបូងដែលខ្ញុំត្រូវធ្វើ គឺការថ្លែងអំណរគុណ ហើយក្នុងអំឡុងពេលទទួលទានអាហារយើងនឹងមានពេលចងចាំពីពេលវេលាទាំងនោះ"។

ការបង្ហាញខ្លួននេះបានកើតឡើងបន្ទាប់ពី Ronaldo បានប្រកាសរកស្រ្តីឈ្មោះ Edna និងនារីពីរនាក់ទៀតដែលគាត់មិនស្គាល់ឈ្មោះនៅក្នុងកម្មវិធីផ្តល់បទសម្ភាសន៍របស់ទូរទស្សន៍ ITV របស់អង់គ្លេស។ ប្រធានក្រុមបាល់ទាត់អន្តរជាតិព័រទុយហ្គាល់រូបនេះ ក៏ត្រូវបានគេកោតសរសើរផងដែរសម្រាប់ភាពស្មោះត្រង់របស់គាត់តាមរយៈការផ្តល់បទសម្ភាសន៍មួយនេះ ខណៈដែលគាត់បានបង្ហាញនូវអារម្មណ៍ក្តុកក្តួលទប់ទឹកភ្នែកមិនជាប់ ពេលដែលគាត់រៀបរាប់ពីវិប្បដិសារីរបស់ខ្លួនអំពីឪពុកដែលបានស្លាប់កាលពីឆ្នាំ២០០៥ កាលគាត់មានវ័យ ២០ឆ្នាំ បន្ទាប់ពីឃើញវីដេអូឪពុករបស់គាត់បានធ្វើការកោតសរសើរគាត់ នៅក្នុងវីដេអូដែលគាត់មិនធ្លាប់បានឃើញពីមុន។ 

Ronaldo បាននិយាយថា ឪពុករបស់គាត់រងផលប៉ះពាល់ដោយសារសង្គ្រាមនៅម៉ូសំប៊ិក និងអង់ហ្គោឡា ហើយគាត់បានបន្ថែមទៀតថា "ពេលក្លាយខ្លួនទៅជាកីឡាករកំពូលទីមួយលើលោក គាត់បែរជាមិនបានឃើញអ្វីទាំងអស់ ហើយគាត់មិនបានឃើញខ្ញុំទទួលពានរង្វាន់​ អត់បានឃើញថាខ្ញុំក្លាយទៅជាស្អី។ គ្រួសាររបស់ខ្ញុំ ម្តាយខ្ញុំ បងប្អូនខ្ញុំ សូម្បីតែកូនប្រុសច្បងខ្ញុំសុទ្ធតែបានឃើញ ប៉ុន្តែឪពុករបស់ខ្ញុំ គាត់មិនបានឃើញអ្វីទាំងអស់ ព្រោះគាប់ឆាប់ស្លាប់ពេក"៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab