បន្ទាប់ពីមានការវាយប្រហារដោយដ្រូនឆេះរោងចក្រប្រេង ឥឡូវអាមេរិកយល់ព្រមបញ្ជូនទ័ពទៅការពារអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមអេមីរ៉ាត

នៅក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper និង នាយអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Joseph Dunford បានប្រកាសថា អាមេរិកនឹងបញ្ជូនកងទ័ពប៉ុន្មានរយនាក់ក៏ដូចជាសមត្ថភាពការពារដែនអាកាសបន្ថែមទៀតទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតនិងអារ៉ាប់រួមអេមីរ៉ាត។ នេះយោងតាម BBC សរសេរកាលពីថ្ងៃសុក្រ។

លោក Mark Esper បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណថា "ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អារ៉ាប៊ីសាអូឌីត ប្រធានាធិបតីបានឆ្លើយតបជាមួយនឹងការដាក់ពង្រាយកងកម្លាំងអាមេរិក ដែលមានចរិតការពារខ្លួនតែប៉ុណ្ណោះ។ ទីមួយ គឺផ្ញើសារច្បាស់លាស់ថា សហរដ្ឋអាមេរិកគាំទ្រដៃគូរបស់យើង។ ទីពីរ គឺគាំទ្រលំហូរធនធានដោយសេរី…ទីបី ប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិផ្អែកលើសណ្តាប់ធ្នាប់…យើងគិតថាសម្រាប់ពេលនេះវាគួរតែគ្រប់គ្រាន់ហើយ"។

លោក Mark Esper បានកត់សម្គាល់ថា សហរដ្ឋអាមេរិកមិនស្វែងរកសង្គ្រាមជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែក៏មាន "ជម្រើសផ្សេងទៀត" ផងដែរ។ លោកបាននិយាយថា "ប្រព័ន្ធការពារស្រទាប់" អាចការពារព្រះរាជាណាចក្រនេះបានប្រសើរជាងក្នុងករណី ដែលត្រូវបាន "ឡោមព័ទ្ធដោយការហោះហើរ" ដោយដ្រូនឬមីស៊ីលដ៏ច្រើនសម្បើម ប៉ុន្តែបានកត់សម្គាល់ថា គ្មានប្រព័ន្ធណាមួយអាចការពារការវាយប្រហារបែបនោះបានឡើយ។

ចំណាត់ការនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរកឃើញរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនិងអារ៉ាប៊ីសាអូឌីតថា ការវាយប្រហារកាលពីចុងសប្តាហ៍មុនទៅលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីតចំនួនពីរនៅខេត្តភាគខាងកើតមិនមែនចេញមកពីប្រទេសយេម៉ែនដូចដែលពួកឧទ្ទាមហ៊ូធីរបស់យេម៉ែនអះអាងនោះទេ ប៉ុន្តែត្រូវបានបាញ់ចេញពីអ៊ីរ៉ង់។ រដ្ឋាភិបាលអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះ ហើយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់  Javad Zarif បានប្រាប់ទូរទស្សន៍ CNN ថា ការវាយប្រហារណាមួយទៅលើអ៊ីរ៉ង់ គឺបានន័យថា "សង្គ្រាមពេញទំហឹង"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab