ប៉ូលិសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ដោយបើកម៉ូតូបុករថយន្តដែលកំពុងបត់ខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញ ៖​ មន្ត្រីប៉ូលិសម្នាក់នៃនាយកដ្ឋាននគរបាលការពារបានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត កាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនហាង លក់រថយន្ត​ Merceodes តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ ជឹម រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីប៉ូលិស នៅនាយកដ្ឋាននគរបាលការពារ ប្រចាំការនៅស្ថានទូតឥណ្ឌា។ បច្ចុប្បន្នស្នាក់នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-7710។ ឯរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5883 តៃកុងរត់បាត់។ 

ប្រភពព័ត៌មានបន្តថា ដំបូងគេឃើញ រថយន្តបានបើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងមកជើង។ ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវមកខាងឆ្វេង បំណងចតរថយន្តក្នុងដីឡូត៍ តែគាប់ជួន ក៏ត្រូវម៉ូតូជនរងគ្រោះដែលកំពុងបើកបរទិសដៅពីជើងមកត្បូងជ្រុលបុកតែម្ដង ព្រោះអកហ្សឺរថយន្តបត់ខ្វះការប្រុងប្រយ័ត្នមិនមើលផ្លូវអាទិភាព ឯខាងម៉ូតូក៏មានល្បឿនលឿន។ 

ក្រោយមកសមត្ថកិច្ចវាស់វែងយក រថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16