សំណើច ៖ តោញីឈ្មោលកំពុងដេកនៅក្រោមម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ រំពេចនោះស្រាប់តែមានទន្សាយមួយក្បាលលបចូលមកទះកំផ្លៀងតោឈ្មោល រួចរត់គេចខ្លួនបាត់។
តោញីគ្រវីក្បាលហួសចិត្ត ខឹងជាខ្លាំង ហើយថាឱ្យតោឈ្មោលថាល្ងង់ដូចគោឱ្យអាទន្សាយទះមួយដៃចំមុខ។ តោញីបន្តស្តីឱ្យតោឈ្មោលទៀតថា "ម៉េចក៏បងឯងឱ្យវាទះកំផ្លៀងចឹង? ក្រែងបងឯងជាស្តេចសត្វលើលោកិយហ្អី? នេះជាការប្រមាថមើលងាយខ្លាំងណាស់។ ទៅសម្លាប់អាទន្សាយចង្រៃនេះភ្លាមទៅ!"។
តោឈ្មោលតបម្ហបៗថា "អូនសម្លាញ់ហ៎ា អាទន្សាយហ្នុងតូចអត់ដឹងខ្យល់អីទេ វាឆ្កួតមិនដឹងថាវាកំពុងធ្វើអីទេ...កុំទៅខ្វល់ពីវាអី"។
ប៉ុន្មានម៉ោងក្រោយមក ទន្សាយមកម្តងទៀត ទះកំផ្លៀងតោឈ្មោលបានមួយដៃទៀត រួចរត់ត្រុយ។ ឃើញដូច្នេះ តោញីខឹងជាខ្លាំង រួចដាក់មេប្រូចដេញតាមអាទន្សាយកំហូចនោះ។
ក្រោយដេញតាមទន្សាយបានប៉ុន្មាននាទី ទន្សាយក៏រុលចូលក្នុងបំពង់លូមួយ។ តោញីនោះព្យាយាមដេញវាដល់ក្នុងបំពង់លូ ប៉ុន្តែជាប់ខ្លួននៅពាក់កណ្តាលលូ។
ទន្សាយចេញផុតពីបំពង់លូនៅចុងម្ខាងទៀត រួចចូលទៅមាត់លូទះកំប៉េះគូទតោញីនោះយ៉ាងវក់វី រួចក៏រត់ត្រុយ។ ប្រហែលកន្លះម៉ោងក្រោយមក តោញីបានប្រឹងរើបំរាស់ចេញពីលូបានសម្រេច ហើយត្រឡប់ទៅរកតោឈ្មោលវិញ ទាំងខឹងក្តៅក្រហាយ និងអាម៉ាសមុខជាខ្លាំង។
តោឈ្មោលឃើញតោញីមកដល់ បោះសម្តីថា "អាកំហូចហ្នុងឱ្យអូនឯងចូលបំពង់លូមែន?"៕
