ការប្រកួតក្នុងក្របខ័ណ្ឌ Europa League វគ្គ ១/៨ បានបញ្ចប់កាលពីយប់មិញ ដោយក្រុមបិសាចក្រហម Manchester United ធ្វើបានត្រឹមមួយស្មើជាមួយ Liverpool ស្របពេលក្រុមមាន់ខ្នាយមាស Spurs បរាជ័យទាំងពីរលើកក្រោមថ្វីជើងក្រុមខ្លាំង Dortmund ដោយលទ្ធផល ២ ទល់នឹង ១។
ខ្សែប្រយុទ្ធកំពុងឡើងជើង Aubameyang រកបានពីរគ្រាប់តែឯងឱ្យក្រុម Dortmund មុននឹងកីឡាករ Son Heung-Min របស់ Tottenham តាមបានមួយគ្រាប់វិញក្នុងនាទីទី ៧៤ ប៉ុន្តែលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត ដែលធ្វើឱ្យការប្រកួតទាំងពីរជើងរវាងក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផល Dortmund យកឈ្នះ Spurs ដល់ទៅ ៥ ទល់នឹង ១។
រីឯក្រុមបិសាចក្រហមវិញ ពួកគេខំប្រឹងខ្លាំងណាស់ដែរប៉ុន្តែនៅតែមិនអាចបំបាក់គូសត្រូវ Liverpool បាន។ ខ្សែប្រយុទ្ធ Man Utd គឺកីឡាករ Martial បានជួយឱ្យក្រុមមានសង្ឃឹមបន្តិចក្នុងតង់ទីមួយក្នុងនាទីទី ៣២ ដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែវាបានរលាយបាត់វិញបន្ទាប់ពីខ្សែបម្រើហង្សក្រហមគឺកីឡាករ Coutinho បានតាមស្មើនៅចុងតង់ទីមួយ ធ្វើឱ្យលទ្ធផល ១-១ នេះបានរក្សារហូតដល់ចប់ការប្រកួត។ នេះមានន័យថា ក្រុម Liverpool បានយកឈ្នះ Man Utd ទាំងពីរជើងក្នុងលទ្ធផល ៣ ទល់នឹង ១។
ក្រុមផ្សេងទៀតក៏បានឡើងទៅវគ្គបន្ទាប់ផងដែរ ដោយក្នុងនោះមាន Villarreal, Sparta Prague, Bilbao, Shakhtar, Braga និង Sevilla។
គួរបញ្ជាក់ផងដែរថា ការចាប់គូសម្រាប់វគ្គ ៨ ក្រុមចុងក្រោយនឹងប្រព្រឹត្តិការណ៍ក្នុងថ្ងៃនេះក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស ហើយការប្រកួតជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែមេសា និងជើងទីពីរនៅថ្ងៃទី ១៤ ខែមេសាដដែល៕
