adverise with khmeread 08dfeff0 24a7 475b 94df e96e3427bd63

ថៅកែ​រោងចក្រ​ទុយោ​ខេ​អេ​ភី​នៅ​ស្រុក​ស្អាង​ចាក់ដី​លុប​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១

        កណ្ដាល​ ៖ អាជ្ញាធរ​ឃុំ​រការ​ខ្ពស់ និង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កន្លងមក​លោក​ថៅកែ​រោងចក្រ​ទុយោ ខេ​អេ​ភី (KAP)​នៅ​ផ្លូវ​អរុណរះ ភូមិ​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក និង​ភូមិបាល នាយ​ខណ្ឌ​ជលផល​រួច​បាន​ត្រូវរ៉ូវ​គ្នា​ទិញ​លក់​ដី​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១​នៅ​ចំណុច​ខាងលិច​បឹង​ទឹកជោ​រាប់រយ​ហិកតា​។​

        ពេលដែល​ទិញ​ដី​ខាងលើ​នោះបាន​ហើយ លោក​ឧកញ៉ា ប៉ាង ថៅកែ​រោងចក្រ​ទុយោ ខេ​អេ​ភី នោះ​ប្រើ​ទឹក​លុយ​ដ៏​មហាសាល​ទិញ​ទឹកចិត្ត​មន្ដ្រី​ជើង​១០​ទាំងនោះ​ឲ្យ​រត់ការ​ធ្វើ​ប្លង់​កាន់កាប់​កម្មសិទ្ធិ​ដោយ​ផ្ដាច់មុខ​បាន​យ៉ាង​រលូន​។ រហូតដល់​បច្ចុប្បន្ននេះ​លោក​ឧកញ៉ា ប៉ាង ថៅកែ​រោងចក្រ​ទុយោ ខេ​អេ​ភី រូបនេះ​បាន​កំពុង​ជួល​គ្រឿងចក្រ​រាប់សិប​គ្រឿង​ដើម្បី​ដឹក​អាចម៍ដី​លុប​ដី​បឹង​អតីត​ឡូត៍​លេខ​១ ពង្រីក​បន្ថែម​ដើម្បី​ធ្វើ​រោង​ក​ច្រ ខេ​អេ​ភី មួយកន្លែង​ទៀត​។​

        លោក​ថៅកែ​រោងចក្រ​ទុយោ​នេះ​បន្ទាប់ពី​ឈូសឆាយ​ព្រៃ​ទឹក​លិច​ចោល និង​ចាក់ដី​លុប​បឹង​ធម្មជាតិ​អតីត​ដែន​ឡូត៍​នេសាទ​ហើយ​នោះ​លោក​ឧ​ញ៉ា ប៉ាង រូបនេះ​បាន​ចាក់ដី​លុប​នូវ​ប្រឡាយ​មេទឹក​ចំនួន​២​ខ្សែ​ទៀត​នៅ​ជុំវិញ​ទីតាំង​ចាក់ដី​នោះ​ដែល​ប្រឡាយ​២​ខ្សែ​ខាងលើ​មាន​ទទឹង​៤០​ទៅ​៥០​ម៉ែត្រ និង​បណ្ដោយ​រាប់រយ​ម៉ែត្រ​ឯណោះ គិត​ទៅ​ស្មើនឹង​ដី​ប្រមាណ​២​ហិកតា ជា​ប្រឡាយ​ពី​បុរាណ និង​ជា​ផ្លូវទឹក ផ្លូវ​ទូក ផ្លូវ​ត្រី ជា​ដង្ហើមរស់​របស់​ប្រជា​នេសាទ និង​កសិករ​ធ្វើ​កសិផល​ចិញ្ចឹម​គ្រួសារ​នីមួយៗ ។​

        ឥឡូវ​ត្រូវ​លោក​ឧកញ៉ា ប៉ាង ចាក់​លុប​រំលោភ​យក​ទាំង​បំពាន​ដោយ​មិនមាន​ការគោរព​នូវ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ជំនាញ​នោះទេ​។ ចំណុច​នេះ​កំពុង​ធ្វើ​ឲ្យ​រាស្ដ្រ​ក្រីក្រ​ជួប​នូវ​ការលំបាក និង​ព្រួយបារម្ភ​ទៅ​ថ្ងៃ​អនាគត​។​

         មន្ដ្រី​សាលាស្រុក​ស្អាង​បាន​បញ្ជាក់ថា កាលពី​លោក​ឧកញ៉ា ប៉ាង សុំច្បាប់​ចាក់ដី​លុប​បឹង​ធ្វើ​រោងចក្រ​ទុយោ​នោះ ក្នុង​កិច្ចសន្យា​បាន​បញ្ជាក់ថា "​មិន​លុប​ប្រឡាយ​មេ​២​ខ្សែ​នេះ​ទេ ទុក​ប្រឡាយ​នៅ​ដដែល ហើយ​លុប​ត្រង់ចំណុច​ណាមួយ​ក៏ត្រូវ​តែ​កប់​លូ ឬ​ធ្វើជា​ស្ពាន​ផងដែរ ។ ប៉ុន្ដែ​ពេលនេះ​លោក​ឧកញ៉ា ប៉ាង មិនបាន​គោរព​កិច្ចសន្យា​របស់​អាជ្ញាធរ និង​ជំនាញ​ភូមិបាល​នោះឡើយ ហើយ​ចាក់​រំលោភ​យក​ប្រឡាយ​ទាំងពីរ​ខ្សែ​នេះ​ទាំងស្រុង​តែម្ដង​"​។​

         ជុំវិញ​ការចោទប្រកាន់​ករណី​ទិញ​លក់​ដី​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១​នេះដែរ ទាំង​អាជ្ញាធរ​ស្រុក ជំនាញ​ជលផល ភូមិបាល​ម្នាក់ៗ​សុទ្ធតែ​គ្មាន​ការធ្វើ​អត្ថាធិប្បាយ​ឲ្យ​បាន​ល្អិតល្អន់​នោះទេ តែ​ពួកគាត់​សុទ្ធតែ​អះអាងថា "​ដី​ដែល​លោក​ឧកញ៉ា ប៉ាង ចាក់ដី​ធ្វើ​ទីតាំង​រោងចក្រ​ទុយោ​នោះ​គឺមាន​ប្លង់​ត្រឹមត្រូវ​"​។​

         ចំពោះ​លោក​ឧកញ៉ា​ថៅកែ​រោងចក្រ​នោះ​អ្នកយកព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​បានដែរ ប៉ុន្ដែ​អ្នក​ដែល​ស្ថិត​ជាមួយ​លោក​ឧកញ៉ា​នោះ​បញ្ជាក់ថា "​ដី​នោះ​មាន​ប្លង់​ហើយ​រឿង​ចាក់​អាចម៍ដី​លុប​នោះ​គឺ​បាន​លោក​ឧកញ៉ា​បាន​ជួល​គ្រឿងចក្រ​របស់លោក គៀង សាវុធ ដែលមាន​ឈ្មោះ ផាត ជាម​ន្ដ្រី​យោធា​ផ្កាយ​មួយ​ជា​អ្នកកាង និង​រត់ការ​ជាមួយ​អាជ្ញាធរ​ជំនាញ​ពិសេស​ដោះស្រាយ​ជូន​ក្រុម​អ្នកសារព័ត៌មាន​ទាំងអស់​កុំ​ឲ្យ​ចុះផ្សាយ​ពី​រឿងនេះ​ទៀតផង​"​។​

          ពាក់ព័ន្ធ​ការចាក់ដី​លុប​បឹង​នេះ​លោក យ៉ែម វិ​ន្ថា អភិបាលរង​ស្រុក​ស្អាង​បានបញ្ជាក់​ប្រាប់ថា "​ខាង​រោងចក្រ​បាន​សុំច្បាប់ និង​មានច្បាប់​អនុញ្ញាត​ពី​ជំនាញ​ភូមិបាល​ត្រឹមត្រូវ​អស់ហើយ ចំណែក​រឿង​ចាក់​លុប​ប្រឡាយ​ពីរ​ខ្សែ​នោះ​ពុំទាន់​បានដឹង​ច្បាស់​ទេ ចាំ​ចុះទៅ​ពិនិត្យមើល​សិន​"​។

          ចំណែក​លោក ឃឹម ពេញ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​ស្អាង​បាន​បញ្ជាក់ដែរថា ការចាក់ដី​លុប​ប្រឡាយ ឬ​អូរ បឹង ធម្មជាតិ​ពី​បុរាណ​វា​ជា​រឿង​ខុសច្បាប់​ទាំងស្រុង​។ ក្នុងនាម​ជា​អាជ្ញាធរ និង​មន្ទីរជំនាញ​មិនត្រូវ​បណ្ដោយ​ឲ្យ​មាន​ករណីនេះ​ទេ​។​

           គួររំលឹកថា បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កាត់​រំសាយ​ដែន​ឡូត៍​នេសាទ​ទូទាំងប្រទេស​ហើយ​នោះ​រាល់​ដីព្រៃ​លិច​ទឹក បឹងបួរ អូរ ទន្លេ ដែល​ស្ថិតក្នុង​អតីត​ដែន​អតីត​ឡូត៍​នេសាទ​ទាំងអស់​គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត និង​រដ្ឋបាល​ជលផល​ដើម្បី​រក្សា​ការពារ​ដែនដី​ព្រៃ​លិច​ទឹក​នោះ​ឲ្យ​បាន​គង់វង្ស​ដោយ​គ្មាន​ការទិញ​លក់​នោះទេ។ ប៉ុន្ដែ​មកដល់​បច្ចុប្បន្ននេះ អត់​មានព្រៃ​លិច​ទឹក​របស់​រដ្ឋ​ទៀត​ទេ គឺ​ធ្លា​ក់លើ​ដៃ​បុគ្គល​ដែលជា​ឈ្មួញ ឬ​ជា​អ្នកឧកញ៉ា​ធំៗ​អស់ហើយ​ពិសេស​នៅ​ខេត្តកណ្ដាល​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់