មន្ត្រីប៉ូលិសម្នាក់ជិះម៉ូតូឌូកលឿនពេកជ្រុលទៅបុកចិញ្ចើមខឿនផ្ទះប្រជាពលរដ្ឋដួលបោកក្បាលរងរបួសធ្ងន់

ភ្នំពេញ ៖ មន្ត្រីប៉ូលិសម្នាក់ជិះម៉ូតូលឿនដូចហោះមិនប្រយ័ត្នផ្លូវកោងផងនោះបានជ្រុលទៅបុកចិញ្ចើមផ្លូវពេញទំហឹង ម៉ូតូហោះប្រមាណជាង៥ម៉ែត្របះកង់ឡើងលើ បណ្ដាលឱ្យមន្ត្រីរូបនោះដួលបោកក្បាលនឹងថ្នល់រងរបួសសន្លប់ស្ដូកស្ដឹង កើតឡើងនៅវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចមុខវិទ្យាល័យជា​ ស៊ីមសាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ឈឹន តារា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីប៉ូលិស ឋានន្តរស័ក្តិ ព្រិន្ទបាលទោ ឋាន:មន្រ្តី មានអាសយដ្ឋានភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ នៅក្នុងខ្លួនរបស់ជនរងគ្រោះរួមមានការបូបលុយ១ មានលុយចំនួន៣៩០០០រៀល (បីម៉ឺនប្រាំបួនពាន់រៀល), ទូរស័ព្ឌ២គ្រឿងស៊េរីទំនើប iPhone x មួយគ្រឿង និងសាមសុងស៊េរីទំនើបមួយគ្រឿងទៀត និងខ្សែក ផ្លាកទីនមួយខ្សែរួមទាំងកាតផ្សេងៗជាច្រើនទៀត។

យោងតាមប្រជាពរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងគេឃើញបុរសម្នាក់ជិះម៉ូ​តូឌូក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1CK .8988 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងដូចហោះ​។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោងផងនោះបានជ្រុលទៅបុកចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឱ្យម៉ូតូខ្ទាតប្រមាណជាង៥ម៉ែត្រ ម៉ូតូផ្ងារកង់ឡើងលើ ហើយបុរសរូបនោះខ្ទាតចេញពីម៉ូតូប្រមាណជាងប្រាំម៉ែត្របោកក្បាលនឹងថ្នល់រងរបួសធ្ងន់សន្លប់ឈឹង។ ភ្លាមៗប្រជាពរដ្ឋបានទាក់ទងរថយន្តគ្លីនិចឯកជនមកដឹកយកទៅសង្គ្រោះជីវិត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុយកម៉ូតូជនរងគ្រោះទៅប៉ុស្តិ៍ស្ទឹងមានជ័យទី១រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab