ភាពយន្តមួយនិយាយអំពីឃាតករស្រីដ៏ស្ទាត់ជំនាញមួយរូបបានប្រមូលយកពានរង្វាន់នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ី ហៅថា Asian Film Awards ក្នុងទីក្រុងម៉ាកាវកាលពីថ្ងៃព្រហស្បតិ៍ ដោយបានដណ្តើមយកពានរង្វាន់ភាពយន្តល្អដាច់គេ, ពានតារាសម្តែងស្រីល្អដាច់គេ និង ពានអ្នកដឹកនាំរឿងល្អដាច់គេនៅពិធីដ៏អធិកអធមនេះ។ នេះបើតាមវេបសាយឆានែលញូវស៍អេស៊ាចេញផ្សាយថ្ងៃទី ១៨ មីនានេះ។
ភាពយន្តនេះបានកើបយកពានរង្វាន់ចំនួនពាក់កណ្តាលនៅរាត្រីថ្ងៃព្រហស្បតិ៍ទៅផ្ទះវិញ ដោយដណ្តើមបាន ៨ ពានក្នុងចំណោម ១៥ ពាន នៅកម្មវិធីប្រគល់ពានរង្វាន់ភាពយន្តឈានមុខគេមួយនេះរបស់អាស៊ី ដែលរៀបចំនៅទីក្រុងកាស៊ីណូដ៏អស្ចារ្យ ម៉ាកាវ ស្ថិតនៅចិនភាគខាងត្បូង។
ដោយឈុតឆាកធ្វើឡើងក្នុងរជ្ជកាលថាងប្រទេសចិន រឿង "The Assassin" គឺជាភាពយន្តទាក់ទងនយោបាយ ដោយកំពូលតារាសម្តែងស្រីតៃវ៉ាន់ នាង ស៊ូ ឈិ (Shu Qi) ដើរតួជាឃាតករស្រីដ៏ស្ទាត់ជំនាញ ដែលគេបញ្ជូនទៅខេត្តកំណើតរបស់នាងវិញដើម្បីសម្លាប់អភិបាលខេត្ត ដែលជាបុរសដែលនាងស្រឡាញ់។
ក្នុងឈុតទឹកប្រាក់ដ៏ភ្លឺចែងចាំង នាងស៊ូ ឈិបានប្រាប់អ្នកយកបន្ទាប់ពីទទួលពានរង្វាន់ថា "ខ្ញុំពិតជាសំណាងណាស់ឆ្នាំនេះ។ ខ្ញុំមិនអាចធ្វើវាបានទេឆ្លងកាត់រយៈពេល ២ ឆ្នាំនៃការផលិតភាពយន្ត The Assassin បើគ្មានការជួយពីបង់រុំ និងថ្នាំពេទ្យ"។ តារាសម្តែងអាយុ ៣៩ ឆ្នាំរូបនេះនិយាយបែបនេះគឺសំដៅលើឈុតឆាកដែលទាមទារប្រើដៃជើងខ្លាំងៗសម្រាប់ឈុតវាយតប់។
តួចិននាង ចូវ យុន (Zhou Yun) ទទួលបានពានរង្វាន់តួស្រីរងល្អដាច់គេសម្រាប់ការសម្តែងក្នុងភាពយន្តនេះ ដែលនាងនិយាយថា វាជារឿង "គួរឱ្យភ្ញាក់ផ្អើលណាស់" សម្រាប់នាងដែលឈ្នះពាននេះ។
បុរសតៃវ៉ាន់ លោកហ៊ូ សៀវ សៀន (Hou Hsiao-hsien) បានឈ្នះពានរង្វាន់អ្នកដឹកនាំរឿងល្អដាច់គេ។ លោកក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារភាពយន្តកំពូលៗដូចជា រឿង "Millennium Mambo" និង រឿង "The Puppetmaster"៕
