សន្តិសុខរោងចក្រម្នាក់និងកម្មការិនីរោងចក្រម្នាក់ដូរមុខរបរលក់ថ្នាំញៀនត្រូវប៉ូលិសវ៉ៃខ្នោះ

កណ្តាល​ ៖​ ​សន្តិសុខរោងចក្រម្នាក់និងកម្មការិនីរោងចក្រម្នាក់​ជាសង្សារនឹងគ្នា ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួនក្នុងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម៉ាទឹកកក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង១២ និង២៥នាទីអធ្រាត្រ​ នៅចំណុចក្នុងបន្ទប់លេខ២ផ្ទះសំណាក់ យីហោសូរិយា ស្ថិតភូមិចុងបង្គោលឃុំបែកចានស្រុក អង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ អ៊ិត ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រទីលំនៅ បច្ចុប្បន្នស្នាក់នៅភូមិ វាលសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និង២-ឈ្មោះ ភា ស្រីណេ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រសព្វថ្ងៃស្នាក់នៅភូមិព្រៃរការឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លាសង្ស័យថា សារធាតុញៀនចំនួន០១កញ្ចប់ធំ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ប៉ូលិសបន្តថា​ ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបែកចាន បានទទួលព័ត៌មានពីកម្លាំងមហាជនល្អ ថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀន នៅចំណុចកើតហេតុខាងលើ។  ភ្លាមនោះកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងប៉ូលិសជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឃើញមុខសញ្ញាទាំង០២នាក់កំពុងនៅក្នុងបន្ទប់ជួលលេខ២ ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនដើម្បីសាកសួរ ។                                             

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភា ស្រីណេ បានឆ្លើយថា ខ្លួននិងសង្សារឈ្មោះ អ៊ិត ម៉ាប់ បាននាំគ្នាមកដេកផ្ទះសំណាក់យីហោ សូរិយា បន្ទប់លេខ២។ ក្រោយពីខ្លួននិងសង្សារចូលបន្ទប់ងូតទឹកហើយ ក៏មានស្នូរគោះទ្វារពីក្រៅខ្លួន (ស្រីណេ) ក៏បានបើកទ្វារបន្ទប់
ឃើញមនុស្សប្រុស២នាក់ស្គាល់តែមុខ មិនស្គាល់ឈ្មោះពិតប្រាកដបាន ចូលអង្គុយលេងក្នុងបន្ទប់ ខ្ញុំជួល ហើយឃើញមានថ្នាំញៀន០១កញ្ចប់ ធំ និងបានរំលែកចេញដាក់ពីកញ្ចប់តូច រួចហើយបាននាំគ្នាជក់ថ្នាំញៀន។ ជក់ហើយ មនុស្ស០២នាក់នោះក៏បានចេញទៅវិញទុកថ្នាំញៀនឱ្យខ្លួនមួយកញ្ចប់  ហើយខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនបានរយៈពេល៧ខែមកហើយ។ ចំណែកជនសង្ស័យឈ្មោះ អ៊ិត ម៉ាប់ បានសារភាពថាខ្លួនធ្លាប់ប្រើថ្នាំញៀនបានរយៈពេលជាង០៣ខែហើយ។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab