ក្រុម Sevilla ធ្វើបានយ៉ាងល្អនៅទឹកដី Sánchez-Pizjuán របស់ខ្លួន ដែលបានធានាការបង្ហាញខ្លួនរបស់ក្រុមមកពីអេស្ប៉ាញដ៏ច្រើននៅវគ្គ ៨ ក្រុមចុងក្រោយក្នុងតំបន់អឺរ៉ុបបើប្រៀបទៅនឹងរដូវកាល ២០០០/០១។ នៅពេលនោះគេឃើញក្រុម Valencia និង Alavés ឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីប្រកួតជាមួយក្រុម Bayern និង Liverpool។
កាលពីរដូវកាលនោះ មានក្រុមអេស្ប៉ាញចំនួនប្រាំពីរ ដោយក្នុងនោះមាន Valencia, Deportivo និង Real Madrid ក្នុងក្របខ័ណ្ឌ Champions League និង Barcelona, Celta, Alavés និង Rayo ក្នុងក្របខ័ណ្ឌ UEFA Cup។ ប៉ុន្តែលើកនេះមានក្រុមមកពីប្រទេសអេស្ប៉ាញចំនួនប្រាំមួយគឺ Barça, Atlético និង Real Madrid ក្នុងក្របខ័ណ្ឌ Champions League និង Athletic, Villarreal និង Sevilla ក្នុងក្របខ័ណ្ឌ Europa League។
ក្រុមស្ថិតនៅកំពូលទាំងប្រាំមួយក្នុងក្របខ័ណ្ឌ La Liga ស្ថិតក្នុងការប្រកួតប្រជែងតំបន់អឺរ៉ុបទាំងអស់។ ប្រទេសដែលមានក្រុមចូលរួមច្រើនបន្ទាប់ពីអេស្ប៉ាញគឺអាល្លឺម៉ង់ ដោយក្នុងនោះមាន Bayern, Wolfsburg និង Borussia Dortmund។
រីឯអង់គ្លេសវិញមានតែ Manchester City និង Liverpool ប៉ុណ្ណោះ ខណៈប្រទេសព័រទុយហ្គាល់មានក្រុម Benfica និង Braga។ ប្រទេសផ្សេងទៀតនៅសល់តែមួយក្លឹបប៉ុណ្ណោះ ដូចជា PSG របស់បារាំង, Sparta Prague របស់ឆេក និង Shakhtar Donetsk របស់អ៊ុយក្រែន៕
