យានដឹកទំនិញជប៉ុនធំបំផុតលើពិភពលោកចាប់ផ្តើមដឹកគ្រឿងផ្គត់ផ្គង់ដល់ស្ថានីយអវកាសអន្តរជាតិ

ក្រុមហ៊ុនប្រតិបត្តិករអវកាសមួយនិយាយថា ជប៉ុននៅព្រឹកថ្ងៃពុធនេះបានបាញ់បង្ហោះយានអវកាសគ្មានមនុស្សបើកឆ្ពោះទៅស្ថានីយអវកាសអន្តរជាតិ (ISS) បន្ទាប់ពីអគ្គិភ័យមួយកាលពីដើមខែកញ្ញា បានពន្យារពេលបេសកកម្មនេះ។

ក្រុមហ៊ុន Mitsubishi Heavy Industries និយាយនៅលើវេបសាយរបស់ខ្លួនថា រ៉ុក្កែត H-2B បានបាញ់បង្ហោះនៅម៉ោង ១ និង ៥ នាទីព្រឹកម៉ោងក្នុងស្រុកថ្ងៃពុធនេះជាមួយយានដឹកទំនិញឥតមនុស្សបើកឈ្មោះ Kounotori8។

ការបាញ់បង្ហោះនេះធ្វើឡើងពីមជ្ឈមណ្ឌល Tanegashima របស់ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុននៅភាគនិរតីជប៉ុន។ ក្រុមហ៊ុន Mitsubishi Heavy បាននិយាយថា "ដូចដែលបានគ្រោងទុក យានដឹកទំនិញបានផ្តាច់ចេញពីរ៉ុក្កែត" នៅប្រហែល ១៥ នាទីក្រោយ។ អគ្គិភ័យមុនថ្ងៃរះកាលពីថ្ងៃទី ១១ ខែកញ្ញាបានពន្យាពេលបាញ់បង្ហោះចេញពីកោះ Tanegashima ។

ទូរទស្សន៍សាធារណៈ NHK បានដកស្រង់សម្តីរបស់ក្រុមហ៊ុន Mitsubishi Heavy ដោយនិយាយថា អគ្គិភ័យនោះទំនងជាបង្កឡើងដោយចរន្តអគ្គិសនីអាកាស ដែលកើតឡើង នៅពេលអុកស៊ីសែនរាវចេញពីរ៉ុក្កែតប៉ះជាមួយវត្ថុធាតុធន់នឹងកម្តៅនៅលើបន្ទះបាញ់បង្ហោះ។

ទូរទស្សន៍ NHK បាននិយាយថា វត្ថុធាតុនោះត្រូវបានគ្របដោយសន្លឹកអាលុយមីញ៉ូមដើម្បីការពារការឆាបឆេះជាថ្មីម្តងទៀត។

យានឥតមនុស្សបើក Kounotori8 គឺដឹកគ្រឿងផ្គត់ផ្គង់ប្រមាណ ៥,៣ តោនទៅអវកាសយានិកនៅឯស្ថានីយ ISS រួមទាំងអាហារស្រស់និងទឹកក៏ដូចជាអាគុយនិងឧបករណ៍ដែលត្រូវការចាំបាច់សម្រាប់ការពិសោធន៍។ នៅក្នុងវីដេអូផ្សព្វផ្សាយមួយនៅលើវេបសាយរបស់ខ្លួន ទីភ្នាក់ងារអវកាសជប៉ុន JAXA បានអួតថា យាន Kounotori8 ជា "យានអវកាសដឹកទំនិញធំជាងគេបំផុតនៅលើពិភពលោក"។ ជប៉ុនបានចាប់ផ្តើមបេសកកម្មដឹកទំនិញជាច្រើនលើកទៅកាន់ ISS ជាងមួយទសវត្សរ៍មកហើយ៕ 

adverise with khmeread
tiger
Loading ad ...