ភ្នំពេញ ៖ មន្ទីរពេទ្យជោរ៉ៃភ្នំពេញបានអនុវត្តបច្ចេកទេសថ្មី ដាក់ស្ទែន (STENT) បំពង់អាហារនៅលើអ្នកជំងឺត្បៀតបំពង់អាហារ ដោយសារ មហារីក បំពង់អាហារ នាពេលថ្មីៗនេះទទួលបានជោគជ័យ។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យជោរៃភ្នំពេញនាថ្ងៃទី១៦ មីនាបានឱ្យដឹងថា ករណីដាក់ស្ទែនលោហៈបំពង់អាហារលើកដំបូងនៅផ្នែក ឆ្លុះក្រពះពោះវៀនមន្ទីរពេទ្យជោរៃភ្នំពេញដល់អ្នកជំងឺឈ្មោះ S.V ភេទប្រុស អាយុ 58 ឆ្នាំនៅខេត្តតាកែវ។ ប្រវត្តិជំងឺ៖អ្នកជំងឺចាប់ផ្តើមឈឺរយៈមួយខែ ដោយហូបមិនបាន ពិបាកលេប ក្អួតពេលញ៉ាំ ហើយស្រក់ទម្ងន់ ដែលបានព្យាបាលច្រើនកន្លែង ប៉ុន្តែអាការៈជម្ងឺមិនបានធូរស្បើយ ក៏គ្រួសារនាំមក ពិនិត្យនៅមន្ទីរពេទ្យជោរៃ។
របាយការណ៍បញ្ជាក់ថាអតីតកាលជំងឺហូបបារីនិងស្រាច្រើនហើយអ្នកជំងឺបានចូលសំរាកពេទ្យនៅមន្ទីរពេទ្យជោរៃភ្នំពេញនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ដោយមានរោគសញ្ញាលេបមិនចូលក្អួតចង្អោរមានឈាមតិចៗ។លទ្ធផល-ឆ្លុះក្រពះគឺត្បៀតបំពង់អាហារផ្នែកកណ្តាលដែលបណ្តាល មកពី មហារីកបំពង់អាហារ។ CT-Scan ពោះ-ទ្រូង៖ ត្បៀតបំពង់អាហារផ្នែកកណ្តាលដែលបណ្តាលមកពីមហារីកបំពង់អាហារ មានកូនកណ្តុរ (lymphnodes)ច្រើនក្នុងទ្រូង-ទឹកក្នុងស្រោមសួត-រលាកទងសួត និងសួត។
ក្រុមគ្រូពេទ្យបានអនុវត្តបច្ចេកទេសដាក់ស្ទែនបំពង់អាហារអោយអ្នកជម្ងឺដោយប្រើស្ទែនលោហៈដែលអាចរលាស់រីកប៉ោងឡើងដោយខ្លួនឯង បាន ទំហំ24x20x135mm ។ បច្ចេកទេសនេះត្រូវអនុវត្តនៅក្នុងបន្ទប់វះកាត់ ប្រើរយៈពេល៣០នាទី។ ក្រោយរយៈពេល៣ម៉ោងអ្នកជម្ងឺអាចហូបទឹក បាន, ក្រោយ ១២ម៉ោងអាចហូបទឹកដោះគោ-ស៊ុប និងអាចដើរទៅមកបាន។ សរុបសេចក្តីមកការដាក់ស្ទែនបំពង់អាហារទៅលើអ្នកជំងឺត្បៀតបំពង់ អាហារដែលបណ្តាលមកពីជំងឺមហារីកបំពង់អាហារ គឺជាបច្ចេកទេសសមស្របដែលអាចជួយឱ្យអ្នកជំងឺអាច ហូបអាហារ និងហូបទឹកបានដើម្បីលើក ស្ទួយសុខភាព និងគុណភាពជីវិតអ្នកជម្ងឺឱ្យប្រសើរឡើង និងជួយឱ្យអ្នកជម្ងឺអាចមានសុខភាពគ្រប់គ្រាន់ ដើម្បីបន្តការព្យាបាលដោយវិធីផ្សេងទៀត ដូចជា វះកាត់ បាញ់កាំរស្មី និងជាតិគីមី ។
យោងតាមឯកសារបានបញ្ជាក់ថា Esophageal stent placement for a patient with esophageal stenosis due to cancer) ជំងឺមហារីក បំពង់អាហារ(Esophageal cancer) គឺជាជំងឺកាចសាហាវឈរលំដាប់ទី៤ ក្នុងចំណោមជំងឺមហារីកផ្លូវរំលាយអាហារ។ជំងឺនេះច្រើនជួបនៅលើអ្នក ជំងឺបុរស ដែលពិសាបារី និងសុរាច្រើន។
តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ក្នុងចំណោមជំងឺមហារីកនៅលើពិភពលោកជំងឺមហារីកបំពង់អាហារឈរនៅលំដាប់ទី៦ចំពោះ បុរស និងលំដាប់ទី៩ចំពោះស្ត្រី ។
ក្នុងមួយឆ្នាំមានអ្នកជំងឺកើតមហារីកបំពង់អាហារប្រមាណ១,៥លាននាក់ នៅទូទាំងពិភពលោក។ បំពង់អាហារ (Esophagus) គឺជាបំពង់ ដែលតភ្ជាប់ពីបំពង់ក (Pharynx) ទៅដល់ក្រពះ(Stomach)។ មហារីកបំពង់អាហារ គឺជាមហារីកដែលកើតឡើងនៅលើបំពង់អាហារ។
ជំងឺមហារីកបំពង់អាហារច្រើនតែរកឃើញនៅក្នុងដំណាក់កាលយឺតពេល ដោយសារនៅដំណាក់កាលដំបូងជំងឺមហារីកមិនមានស្តែងចេញ ជារោគសញ្ញាអ្វីច្បាស់លាស់ ជាហេតុនាំឱ្យអ្នកជំងឺមិនមានការចាប់អារម្មណ៍ថា មានកើតជំងឺនោះ។
អ្នកជំងឺច្រើនតែមកជួបគ្រូពេទ្យពិនិត្យជំងឺ នៅពេលមានរោគសញ្ញា ដូចជាពិបាកលេប លើកដំបូងពិបាកលេបអាហាររឹង ក្រោយមកពិបាកលេប អាហាររាវ (បបរ, ស៊ុប, ទឹកដោះគោ)។
នៅដំណាក់កាលចុងក្រោយ អ្នកជំងឺមិនអាចលេបសូម្បីតែទឹក និងទឹកមាត់ខ្លួនឯង ដែលជាហេតុ ធ្វើឱ្យអ្នកជំងឺស្រកទំងន់ ស្គមរីងរៃរលាកសួត ដោយសារដុំមហារីកស៊ីធ្លាយ (Fistula) ចូលដល់បំពង់ខ្យល់(Trachea)ទងសួត (Bronchus) ឬធ្វើរីករាលដាល (Metastasis) ឆ្លងទៅសរីរៈផ្សេងៗ ដូចជា ខួរក្បាល(Brain), ឆ្អឹង (Bone), ថ្លើម (Liver), សួត (Lung) ។ល។
ដោយសារដុំមហារីកមានទំហំធំកៀបសង្កត់ធ្វើឱ្យត្បៀតបំពង់អាហារ ដែលជាហេតុធ្វើឱ្យសុខភាពរបស់អ្នកជំងឺកាន់តែទ្រុឌទ្រោមខ្លាំងដោយសារ មិនមានអាហារូបត្ថម្ភ(Nutrition)គ្រប់គ្រាន់ទៅចិញ្ចឹមសរីរាង្គ។
បុរេនិមិត្ត (Prognosis) របស់អ្នកជំងឺនៅក្នុងដំណាក់កាលយឺតពេលនេះ គឺវិវត្តអាក្រក់ រយៈពេលអាចរស់បានបន្តជាមធ្យម ប្រមាណ ពី៦-១៨ខែ អ្នកជំងឺច្រើនស្លាប់ដោយសារស្គមរីងរៃកង្វះអាហារូបត្ថម្ភ ឬដោយសារជំងឺរលាកសួត។
ជាទូទៅការព្យាបាលអ្នកជំងឺមហារីកបំពង់អាហារក្នុងដំណាក់កាលនេះ គឺអាចអនុវត្តមធ្យោបាយវះកាត់តពោះវៀនពង្វាង(colon bypass) បណ្តោះអាសន្នវះកាត់បើកក្រពះមកក្រៅស្បែកដើម្បីផ្តល់អាហារូបត្ថម្ភ ដាក់ស្ទែនបំពង់អាហារ និងក្រោយមកអាចព្យាបាលគួបផ្សំដោយជាតិគីមី ឬបាញ់កាំរស្មី។
ការដាក់ស្ទែន(stent)បំពង់អាហារគឺជាបចេ្ចកទេសប្រើបំពង់សំណាញ់លោហៈរលាស់ពង្រីកកន្លែងត្បៀតដោយស្វ័យប្រវត្តិនៅពេលដាក់ចូល ដល់ទីតាំងកំណត់(ដូចរូបភាព) ដែលជាមធ្យោបាយជម្រើសទី១ ជួយឱ្យអ្នកជំងឺអាចហូបអាហារដោយខ្លួនឯងបានក្នុងគោលបំណងលើកស្ទួយ សុខភាព និងគុណភាពជីវិតអ្នកជំងឺឱ្យប្រសើរឡើង៕
