កែងជើងប្រេះ និងស្ងួតគឺជាបញ្ហាធ្វើឱ្យឈឺចាប់មួយ ព្រោះស្បែកមានលក្ខណៈស្ងួតខ្លាំង និងមានស្នាមក្រិនពណ៌ត្នោតនិងលឿងនៅតាមកែងជើង។ ជាងនេះទៅទៀត អាការៈប្រេះកែងជើងក៏បង្កឱ្យក្រហាយ រមាស់ និងរបកស្បែកផងដែរ។
កង្វះជាតិទឹក ខ្យល់ស្ងួត របបអាហារខ្សោយ ការថែជើងមិនបានល្អ ប្រឹងដើរសង្កត់កែងជើងខ្លាំងពេក ការឈរយូរៗ និងការពាក់ស្បែកជើងតឹងៗគឺសុទ្ធតែជាមូលហេតុធ្វើឱ្យប្រេះកែងជើង។ ក៏មានមូលហេតុផ្សេងទៀតដែរដែលធ្វើឱ្យកែងជើងប្រេះក្នុងនោះមានដូចជា ជំងឺស្បែក ជំងឺក្រិនស្បែក ជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត។
* របៀបព្យាបាលដោយប្រើម្សៅមេនំប៉័ង
គ្រឿងផ្សំ
- ម្សៅមេនំប៉័ង ២ ស្លាបព្រាបាយ
- ទឹកក្តៅ ៤ ទៅ ៥ លីត្រ
- ផលិតផលរក្សាសំណើមស្បែក ឬប្រេងដូង ឬ វ៉ាសឺលីន
- ប៉ុងទន់ៗ
- ប្រេងឡាវេនឌ័រ (Lavender) (មិនចាំបាច់ប្រើក៏បាន)
ដាក់ម្សៅមេនំប៉័ងចូលទឹកក្តៅរួចកូរឱ្យវារលាយ។ ប្រសិនបើលោកអ្នកចូលចិត្ត លោកអ្នកអាចបន្ថែមប្រេងឡាវេនឌ័រដើម្បីបន្ថែមក្លិនក្រអូប។ ត្រាំជើងក្នុងទឹកនោះប្រហែល ១៥ ទៅ ២០ នាទី រួចយកប៉ុងទន់ៗមកដុសលើកន្លែងប្រេះ។ ចុងបញ្ចប់ត្រូវយកផលិតផលរក្សាសំណើមស្បែកដែលមានជាតិគ្លីសេរីនខ្ពស់ (High-Glycerin) ឬប្រេងដូង ឬ វ៉ាសឺលីនមកលាបពីលើកែងជើងប្រេះ រួចយកថង់រុំផ្លែឈើ ឬស្រោមជើងពាក់ពីលើដើម្បីខ្ទប់ជាតិសំណើមកុំឱ្យភាយចេញក្រៅ។
ធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍ ហើយនៅពេលស្ថានភាពកែងជើងបានធូរស្បើយហើយនោះ លោកអ្នកអាចធ្វើបែបនេះ ២ ដងក្នុងមួយខែក្នុងរយៈពេលសរុប ៦ ខែ។ លោកអ្នកអាចធ្វើវានៅមុនគេង និងត្រូវពាក់ស្រោមជើងផង៕
