ដើម្បីការពារសិទ្ធិឯកជនរបស់កូនស្រីរបស់គាត់ Andy Lau (លីតៅហួ) ហាក់កំពុងនឹងបានខ្នះខ្នែងហួសដែនកំណត់ដើម្បីការពារកូនស្រីអាយបួនឆ្នាំរបស់គាត់ឈ្មោះ Hanna ពីការលេចមុខមាត់ជាសាធារណៈ។
យោងតាមគេហទំព័រ Jayne Stars បានឱ្យដឹងថា គ្រប់ពេលវេលាដែលក្រុមគ្រួសារនេះបានសម្រេចធ្វើដំណើរក្រៅប្រទេសរួមគ្នា ពួកគេតែងតែទទួលបានការការពារដោយអង្គរក្សផ្ទាល់ខ្លួន និងតែងតែចាកចេញតាមផ្លូវលំដាប់ VIP ជានិច្ច។
ដោយទទួលបានព័ត៌មានពីពាក្យចចាមអារ៉ាមមួយចំនួនបានអះអាងថា សូម្បីតែនៅសាលារៀនរបស់កូនស្រីលោក Andy ក៏បានស្នើសុំអ្នកគ្រប់គ្រងសាលាឱ្យ Hanna ទទួលបានការចាកចេញពីម៉ោងសិក្សារបស់ខ្លួនមុនកំណត់ចំនួន ១៥ នាទីជារៀងរាល់ថ្ងៃផងដែរ ដើម្បីឱ្យនាងគេចផុតពីការប្រមាញ់រូបថត។
ប៉ុន្តែនោះមិនមែនអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទាំងស្រុងនោះទេ យោងទៅលើប្រភពព័ត៌មានប្រទេសចិនកាលពីថ្មីៗនេះបានឱ្យដឹងថា Andy បានចំណាយទឹកប្រាក់ដ៏សម្បើមចំនួន ២០០លានដុល្លារហុងកុង (២៥,៨លានដុល្លារអាមេរិក) ទៅលើវិមានដ៏ស្កឹមស្កៃនៅលើភ្នំ Kadoorie ក្នុងទីក្រុងហុងកុង ដើម្បីធ្វើជាកាដូជូនកូនស្រីរបស់គាត់។
អ្វីដែលកាន់តែពិសេសពីលើផ្ទះថ្មីដ៏ប្រណិតមួយនេះគឺថា Andy ក៏បានចំណាយទឹកប្រាក់ចំនួន ២០០លានដុល្លារហុងកុង បន្ថែមទៀតផងដែរសម្រាប់ទិញយន្តហោះឯកជនផ្ទាល់ខ្លួនមួយគ្រឿង ដើម្បីជួយសម្រួលការធ្វើដំណើររបស់គាត់និងក្រុមគ្រួសាររបស់គាត់ផងដែរ។
ទោះជាយ៉ាងណា វិធានការចាយប្រាក់យ៉ាងគគ្រឹកគគ្រេងរបស់ Andy ដើម្បីសុវត្ថិភាពឯកជនរបស់កូនស្រីរបស់គាត់មួយនេះមិនអាចទៅមុខយ៉ាងរលូនដោយគ្មានការរិះគន់នោះឡើយ។
អ្នកនិយមលេងប្រព័ន្ធអ៊ីនធឺណិតមួយចំនួនបានបង្ហាញពីអារម្មណ៍របស់ខ្លួនថា Andy បាននឹងកំពុងធ្វើរឿងហួសហេតុពេកហើយ និងបានទាញយកផលប្រយោជន៍ពីស្ថានភាពល្បីល្បាញរបស់ខ្លួន ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន។
ទោះជាយ៉ាងណា ក៏មានបណ្តាអ្នកគាំទ្រដទៃទៀតបាននិយាយថាពួកគេយល់ពីគោលបំណងរបស់ Andy ។ ក្នុងនាមជាបុគ្គលសាធារណៈ ពួកគេគួរតែមានសិទ្ធិឯកជនអ៊ីចឹងហើយ៕
