280677d5 e781 44cb a221 72145448e4c2

រថយន្តកុងតឺន័របើកវ៉ាម៉ូតូបុកគ្នា របួសធ្ងន់សល់ដង្ហើមផ្តឹកៗ

    ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសសល់តែដង្ហើមផ្តឹកៗដោយសារគាត់ជិះម៉ូតូអាយខុនវ៉ារថយន្ត ជ្រុលទៅចូលពីមុខរថយន្តកុងតឺន័រ ខណៈពេលរថយន្តកុងតឺន័រវ៉ារថយន្តមួយគ្រឿងទៀតដែលបើកក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។
    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី​យប់ថ្ងៃទី ១៣ ខែធ្នូឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន  ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
    ប្រភពពត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូ ម៉ាកអាយខុនពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ-6145 ជិះតាមផ្លួវជាតិ​លេខ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។
     ខណៈជិះម៉ូតូមកដល់មុខផ្សារជម្ពូវ័ន ម៉ូតូបានបន្ថែមល្បឿនវ៉ារថយន្ត នៅពីមុខ ភ្លាមនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌បៃតងពាក់ស្លាកលេខព្រះសីហនុ 3A-1634 បើកមកទិសដៅពីលិចទៅកើត វ៉ារថយន្តមួយគ្រឿងទៀតនៅពីមុខដូចគ្នា ហើយរថយន្តបានជ្រុលទៅបុកម៉ូតូ កៀបជាប់នឹងក្បាលរថយន្តអូសជាង១០ម៉ែត្រ បណ្តាលបុរសជិះម៉ូតូរងរបួសក្បាលធ្ងន់ធ្ងរសល់តែដងដង្ហើមផ្តឹកៗ។ជនរងគ្រោះគេ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
     ក្រោយពេលកើតហេតុ ប៉ូលិសមូលដ្ឋានទៅ ជួយសម្រួលចរាចរណ៍ និងបានទាក់ទងទៅក្រុមសង្គ្រោះបន្ទាន់៧១១ មកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុម:។ប៉ុន្តែពេលទៅដល់ក្រុមគ្រូពេទ្យនៅទីនោះ បដិសេដមិនព្រមព្យាបាលទេ ព្រោះគ្មានសាច់ញាតិ មកចេញមុខធានាខណ:ជនរងគ្រោះមានរបួសធ្ងន់ធ្ងរ ។ តែដោយសារក្រុម ៧១១ បង្ខំឲ្យក្រុមគ្រូពេទ្យព្យាបាលទើប ក្រុមគ្រូពេទ្យទាំងនោះ ព្រមលាងនិងរំុរបួស ព្រមទាំងដាក់ស៉េរូមហើយទុកជនរងគ្រោះឲ្យរង់ចាំសាច់ញាតិមកធានារឿងថ្លៃសេវាព្យាបាល ។
    ចំណែកម៉ូតូនិងរថយន្ត ត្រូវបានជំនាញចរាចរណ៍ក្រុងមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយ៕

មតិយោបល់