ភ្នំពេញ ៖ រាជធានីភ្នំពេញសព្វថ្ងៃកំពុងតែអភិវឌ្ឍន៍នូវវិស័យសំណង់ផ្សេងៗ រួមនឹងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានអាកាស និងប្រព័ន្ធលូជាដើម ដើម្បីឆ្លើយតបទៅនឹង កំណើនប្រជាជន និងបញ្ហាប្រឈមជនលិចផងដែរ។
ការអភិវឌ្ឍន៍វារមែងជួបនូវផលប៉ះពាល់ និងភាពអវិជ្ជមានដោយមិនអាចអត់បាន ប៉ុន្តែផលប៉ះពាល់និងភាពអវិជ្ជមានទាំងនោះ គឺគេអាចកាត់បន្ថយ ឬបង្រួមវាឲ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន។
ជាក់ស្តែងការស្ថាបនាដាក់ប្រព័ន្ធលូនៅចំណុចកំណាត់ផ្លូវ៣៧១ចាប់ពីកែងផ្លូវ២០០៤ រហូតដល់ប្រឡាយស្ទឹងមានជ័យកែងផ្លូវវេងស្រេង ដែលបច្ចុប្បន្នកំពុងបន្តការស្ថាបនាដោយក្រុមហ៊ុនណឹម ម៉េងនោះគឺ ទទួលនូវការរិះគន់និង ការខឹងសម្បារពីសំណាក់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ជាពិសេសប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរតំបន់អភិវឌ្ឍន៍នោះ។
ប្រជាពលរដ្ឋបានបង្ហាញសារជាចម្ងល់ផ្សេងៗ និងសាររិះគន់ខ្លាំងៗនៅតាមបណ្តាញ សង្គមហ្វេសបុកអមដោយរូបភាពបាក់ស្រុតផ្លូវថ្នល់ដែលមើលទៅគួរឲ្យរន្ធត់សម្រាប់អ្នកប្រើប្រាស់ផ្លូវទាំងឡាយ។
សារខ្លះបានបញ្ជាក់ថា "រូបភាពនេះមិនមែនជាគ្រោះរញ្ជួយដីនៅ ប្រទេសគេនោះទេ គឺជាការបាក់ផ្លូវទាំងផ្ទាំងៗ និងស្នាមប្រេសបែកផ្លូវនៅផ្លូវ៣៧១ ដ៏គួរអោយភ័យខ្លាច"។
សារខ្លះទៀតបានបញ្ជាក់ថា " ខុសបច្ចេកទេសទៀតហើយ ធ្វើនេះមិនត្រឹមត្រូវទេ គ្មាន Sheet pile ទប់ដី បណ្តាលឲ្យដីទ្រេលញ៉ុកមានកន្លែងណាលុបបពេញខ្សាច់វិញ? គ្មានឃើញដាក់ខ្សែសុវត្ថិភាពសម្គាល់ការដ្ឋានសាងសង់ កន្លែងគ្រោះថ្នាក់ ជាពិសេសអ្នកដំណើរឆ្លងកាត់នៅពេលយប់"។
ដូច្នេះក្រុមហ៊ុនទទួលម៉ៅការ ស្ថាបនាការងារដាក់លូនេះត្រូវតែគោរពលក្ខខណ្ឌបច្ចេកទេសជាចាំបាច់ហើយសាលាក្រុងក៏ត្រូវតែរឹតបន្តឹង មិនអាចធូរលុងបានឡើយ បើករណីមានគ្រោះថ្នាក់សាលាក្រុងក៏មានចំណែកត្រូវទទួលខុសត្រូវដែរ ។
បន្ទាប់ពីមានការរិះគន់បែបនេះហើយ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមមន្ត្រីជំនាញក្រោមឱវាទសាលារាជធានីភ្នំពេញ បានចុះពិនិត្យលើករណីការបាក់ស្រុតដី នៅលើកណាត់ ផ្លូវ៣៧១ ដោយការបាក់ស្រុតនេះ បណ្តាលមកពី ការដាក់លូហើយមិនបានចាក់ដីបំពេញវិញឲ្យបានត្រឹមត្រូវ របស់ក្រុមហ៊ុនទទួលម៉ៅការ ស្ថាបនាការងារដាក់លូបូករួមទាំងមិនបានវាយសៀផាយទប់ដីផង ទើបបណ្តាលឲ្យបាក់ដីបែបនេះ ដោយមន្ត្រីជំនាញបានចាត់វិធានការ ជាមួយក្រុមហ៊ុន ឲ្យរៀបចំជួសជុលករណីខាងលើនេះឲ្យបានលឿន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
គួររំលឹកផងដែរថា ក្នុងឱកាសបើការស្ថាបនាស្ថានីយបូមទឹកទួលគោកទី១ត្រឡោក បែកកាលពីថ្ងៃទី ២៧ ខែកុម្ភៈកន្លងទៅនេះ លោកអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានមានប្រសាសន៍ណែនាំឲ្យក្រុមហ៊ុនទទួលម៉ៅការនិងមន្ទីរ សាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវសហការគ្នាឲ្យបានល្អប្រសើរក្នុងការជីក ផ្លូវកប់បណ្តាញលូនៅតាមដងផ្លូវនានា ជាពិសេសផ្លូវសំខាន់ៗដោយធ្វើតាមតំណាក់កាលនិង គិតគូរពីផលប៉ះពាល់របស់អ្នកប្រើប្រាស់ផ្លូវ។
ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ ការដ្ឋាននោះ ដោយមិនត្រូវអោយប្រជាពលរដ្ឋទាំងនោះរងផលប៉ះពាល់ធ្ងន់ធ្ងរពេកក្នុងការប្រកបរបរអាជីវកម្ម និងការចេញចូលលំនៅដ្ឋានរបស់ពួកគាត់។
លោកក៏បានលើកជាឧទារណ៍ថា យើងជីកផ្លូវដើម្បីដាក់លូនៅមុខផ្ទះប្រជាពលរដ្ឋ១០ខ្នងផ្ទះឬ២០ខ្នងផ្ទះឲ្យរួច រាល់ចាក់ដីបង្ហាប់ដើម្បីឲ្យប្រជាពលរដ្ឋ១០ឬ២០ខ្នងផ្ទះនោះធ្វើដំណើរបណ្តោះអាសន្នវិញបាន ទើបយើងចាប់ផ្តើមជីកកាយបន្តការដ្ឋានទៅមុខបន្តទៀត។
មិនមែនយើងស្ថាបនាកន្លះគីឡូដី ឬមួយ១គីឡូដី ត្រូវជីកកកាយទាំងអស់ព្រមៗគ្នានោះទេ។ បើធ្វើបែបនេះគឺធ្វើឲ្យប៉ះពាល់ខ្លាំងពេកដល់ការប្រកបរបរចិញ្ចឹមជីវិតនិងការធ្វើដំណើរចេញចូលផងដែរ។
ទន្ទឹមនឹងការលើកឡើងបែបនេះ លោកក៏បានបញ្ជាក់ផងដែរ ថា កន្លងមកសាលារាជធានីភ្នំពេញពិបាកនឹងធ្វើការជ្រើសរើសក្រុមហ៊ុនដៃគូដើម្បីស្ថាបនាប្រព័ន្ធលូនេះ ព្រោះកន្លងមកគឺមានតែក្រុមហ៊ុន១ឬ២ប៉ុណ្ណោះដែលហ៊ានដាក់ពាក្យដេញថ្លៃ ស្ថាបនា វាខុសពីការស្ថាបនាផ្លូវថ្នល់គឺមានក្រុមហ៊ុនរាប់ភ្លេចដែលចូលរួមដាក់ពាក្យដេញថ្លៃទទួលស្ថាបនា។
ការដ្ឋានមួយខាលើនេះគឺ ស្ថិតតាមបណ្តោយផ្លូវ៣៧១ចាប់ពីផ្លូវ២០០៤ដល់ប្រឡាយស្ទឹងមានជ័យដើម្បីដាក់ប្រព័ន្លលូភ្លោះទំហំមួយម៉ែត្រកន្លះនិងមានប្រវែងជាង៥៧៥ម៉ែត្រ បានចាប់ផ្តើមធ្វើពិធីបើកការដ្ឋានស្ថាបនាឡើងកាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៤ ដែលបច្ចុប្បន្នទទួលការស្ថាបនាដោយក្រុមហ៊ុនណឹមម៉េង និងស្ថិតក្រោមការត្រួតពិនិត្យបច្ចេក ទេសដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ៕
